ពិធីសម្ពោធគម្រោង កម្ពុជាហាវែស II

Wednesday, September 27, 2017
Remarks by Polly Dunford, Mission Director, USAID Cambodia, Launch Event of Feed the Future Cambodia Harvest II
ពិធីសម្ពោធគម្រោង កម្ពុជាហាវែស II
USAID/Ty Chan
  • សូមគោរព ឯកឧត្តម ទី សុគន្ធ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
  • សូមគោរព ឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយសជាទីមេត្រី!

ខ្ញុំសូមថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ លោកស្រី ដែលបានអញ្ជើញចូលរួមជាមួយខ្ញុំ ដើម្បីប្រកាសដាក់ឲ្យដំណើរការនូវគម្រោង កម្ពុជាហាវែស II  ។ គម្រោង Feed the Future គឺជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីលុបបំបាត់ភាពអត់ខ្លានជាសកល និង​បង្កើនសន្តិសុខស្បៀងនៅលើពិភពលោក។ ភាពជោគជ័យនៃគម្រោង Feed the Future នាពេលកន្លង​មក គឺទទួលបានតាមរយៈភាពជាដៃគូរវាងប្រជាជន និងប្រទេសជាតិយើងទាំងពីរ។ ភាពជាដៃគូនេះនឹង​បន្ត​ពង្រឹងពង្រីកថែមទៀតតាមរយៈភាពរីកចម្រើនពិតប្រាកដ ដែលយើងកំពុងបំពេញដើម្បីកាត់បន្ថយ​ភាព​ក្រីក្រ និងភាពអត់ឃ្លានក្នុងប្រទេសកម្ពុជា។

គម្រោង កម្ពុជាហាវែស II ថ្មីមានគោលបំណងចម្រុញកំណើនក្នុង​វិស័យ​សាកវប្បកម្មពាណិជ្ជ​កម្ម។ មូលហេតុដែលយើងផ្តោតជាសំខាន់លើវិស័យនេះ ដោយសារថាប្រទេស​កម្ពុជាដាំដុះបន្លែត្រឹមតែមួយភាគបីប៉ុណ្ណោះនៃតម្រូវការរបស់ប្រជាជនខ្លួននាពេលបច្ចុប្បន្ន។ បន្លែក្រៅពី​នេះ​ត្រូវបាននាំចូលមកពីបណ្តាប្រទេសជិតខាង។ ដោយមើលឃើញថា ៧០ភាគរយនៃប្រជាជនកម្ពុជា​សរុប​បម្រើការក្នុងវិស័យកសិកម្ម យើងជឿជាក់ថាប្រទេសកម្ពុជាប្រទេសកម្ពុជាអាចផលិតបន្លែសុខភាព និង​អាហារូបត្ថម្ភបន្ថែមទៀតសម្រាប់បំពេញតម្រូវការប្រជាពលរដ្ឋខ្លួន។ នេះជាមូលហេតុដែលយើង​កំពុង​បំពេញ​ការងារជាមួយរាជរដ្ឋភិបាលកម្ពុជា ក្រុមហ៊ុនជំនួញ និងសកលវិទ្យាល័យនានាទាំងក្នុង និងក្រៅប្រទេស ព្រមទាំងកសិករ ដើម្បីធានាថាវិស័យកសិកម្មនៅកម្ពុជាអាចបំពេញតម្រូវការរបស់ប្រជាជនកម្ពុជា។

អាត្រាកំណើនជាមធ្យមនៃវិស័យសាកវប្បកម្មក្នុងប្រទេសកម្ពុជាក្នុងចន្លោះឆ្នាំ ២០០៤ និង២០១២ មានប្រមាណ ១០ភាគរយក្នុងមួយឆ្នាំ ប៉ុន្តែកំណើននេះបានបង្ហាញនូវហេតុផលមួយចំនួន។ ក្នុងនោះរួម​មាន៖ កង្វះខាតការអនុវត្ត និងបច្ចេកវិទ្យា ព្រមទាំងទីផ្សារនៅមានកម្រិត។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក៏បានកត់សម្គាល់ឃើញនូវសក្តានុពលសម្រាប់ការរីកលូតលាស់នៃវិស័យបន្លែផងដែរ។ នៅ​ក្នុង​ផែនការមេផ្នែកដំណាំដាំដុះសម្រាប់ឆ្នាំ ២០៣០​ របស់ក្រសួង ដំណាំបន្លែគឺជាវិស័យអាទិភាពសម្រាប់​ផលិត​កម្ម។ រាជរដ្ឋាភិបាលកម្ពុជាក៏មានចក្ខុវិស័យផងដែរថាប្រទេសកម្ពុជានឹងមានលទ្ធភាពដាដុះបន្លែដែលមាន​សុវត្ថិភាពគ្រប់គ្រាន់ត្រឹមឆ្នាំ ២០៣០។ តាមរយៈគម្រោង Harvest II ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់​ការអភិវឌ្ឍអន្តរជាតិមានការប្តេជ្ញាចិត្តគាំទ្រដល់រាជរដ្ឋាភិបាល និងកសិករឲ្យឈានទៅសម្រេចគោលដៅ​នេះ។ ដោយទទួលស្គាល់ថារាជរដ្ឋាភិបាលកម្ពុជានឹងវិនិយោគទឹកប្រាក់ច្រើនលានដុល្លារ ដើម្បីជម្រុញ​កម្ម​វិធីផលិតកម្មស្បៀង ២០១៦-២០១៩របស់ខ្លួន យើងនឹងសហការជាមួយក្រសួង ដើម្បីធានាថាយើង​ប្រកៀក​ស្មាគ្នាឆ្ពោះទៅសម្រេចគោលដៅចុងក្រោយរបស់យើងគឺ ការចិញ្ចឹមកម្ពុជា។

កាន់តែទូលំទូលាយជាងនេះទៅទៀត គម្រោង កម្ពុជាហាវែស II បន្តនូវការប្តេជ្ញាចិត្តដែលមានជាយូរលង់មកហើយនូវកិច្ចគាំទ្ររបស់ទីភ្នាក់ USAID ចំពោះការអភិវឌ្ឍវិស័យ​កសិកម្មដែលជាវិស័យអាទិភាពរបស់រាជរដ្ឋាភិ​បាល​​កម្ពុជា។ ការគាំទ្ររបស់យើងចំពោះខ្សែចង្វាក់តម្លៃ​សាក​វប្បកម្មជួយនាំឲ្យកសិករ អ្នកទិញ និងអ្នកបរិភោគបានខិតកាន់តែជិតគ្នា។ គម្រោង កម្ពុជាហាវែស II ក៏នឹង​ជួយធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធទីផ្សារបន្លែនៅតាមបណ្តាខេត្តគោលដៅរួមមាន៖​ ពោធិសាត់ បាត់ដំបង សៀមរាប និងកំពង់ធំ។ នេះគឺជាភារកិច្ចដ៏លំបាកមួយ ដែលទាមទារឲ្យមានការចូលរួមចំណែកពីរាជរដ្ឋាភិ​បាល វិស័យឯកជន ប្រទេសផ្តល់ជំនួយដ៏ទៃទៀត ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាលផងដែរដើម្បីឈាន​ទៅសម្រេចបាននូវគោលដៅនេះ។

ជាងប្រាំមួយឆ្នាំកន្លងទៅ គម្រោង Feed the Future ក្នុងប្រទេសកម្ពុជាបានចាប់ដៃគូជាមួយរដ្ឋ​បាល​មូលដ្ឋានដើម្បីបំពេញការងារឲ្យកាន់តែប្រសើរឡើងក្នុងការចិញ្ចឹមប្រទេសកម្ពុជា។ យើងបានរួយមគ្នា​អនុវត្តនូវវិធីសាស្ត្រធារាសាស្ត្រប្រសើរជាងមុន កាត់បន្ថយការប្រើប្រាស់ថ្នាំកម្ចាត់សត្វល្អិត និងរកឃើញនូវ​មធ្យោបាយជាច្រើនសម្រាប់ដំណាំស្រូវ បន្លែ និងការចិញ្ចឹមត្រីក្នុងស្រែឲ្យកាន់តែមានប្រសិទ្ធិភាព។ ជាលទ្ធ​ផលនៃភាពជាដៃគូរបស់យើង ប្រជាកសិករកម្ពុជាបានបង្កើនប្រាក់ចំណូលរបស់ខ្លួនដល់ ១១.៥លានដុល្លារ​ក្នុងមួយឆ្នាំ និងបានជួយឲ្យប្រជាជនប្រមាណ ១៨០.០០០នាក់រួចផុតពីភាពក្រីក្រ។ ស្នាដៃសម្រេចបានដ៏មិន​គួរឲ្យជឿនេះ នឹងមិនអាចធ្វើទៅបានឡើយ ប្រសិនបើពុំមានកិច្ចគាំទ្រពីសំណាក់មន្ទីរកសិកម្មខេត្ត កសិករ អ្នកផ្តល់ជំនួយ និងសហគ្រិន ដែលកំពុងតែកសាងនូវវិស័យឯកជនមួយប្រកបដោយសមធម៌ និងថាមវ័ន្ត។

ដើម្បីមើលឃើញពីលទ្ធផលជាក់ស្តែងនៃគម្រោង និងកិច្ចសហប្រតិបត្តការរបស់យើង ខ្ញុំសូមស្វាគមន៍​ឯកឧត្តម លោកជំទាវ លោក លោកស្រីទៅទស្សនកិច្ចនៅតាមបណ្តាខេត្តដែលយើងកំពុងបំពេញការងារ។ នៅដើមឆ្នាំនេះ ខ្ញុំបានជួបជាមួយប្រជាកសិករ ដែលអនុវត្តនូវប្រព័ន្ធដាំដំណាំបន្លែចម្រុះក្នុងខេត្តសៀមរាប។ ខ្ញុំសប្បាយចិត្តដោយឃើញពួកគេអាចរកចំណូលបន្ថែមពី ១៥០ដុល្លារ ទៅ២០០ដុល្លារក្នុងមួយឆ្នាំ។ ធន​ធានបន្ថែមនេះអាចឲ្យពួកគេទិញសៀវភៅ និងសម្លៀកបំពាក់សម្រាប់កូនៗរបស់ពួកគេ ដើម្បីទៅសាលា​រៀន។ វាក៏បានជួយឲ្យពួកគេអាចទិញម៉ូតូមួយសម្រាប់ប្រកបរបរផ្សេងក្នុងកំឡុងពេលចប់រដូវធ្វើស្រែ និង​អាច​ប្រើប្រាស់ចំណូលទាំងនោះទៅវិនិយោគបន្ថែមលើមុខរបរធ្វើស្រែរបស់ខ្លួននាឆ្នាំបន្ទាប់ ដែលនឹងជួយឲ្យ​ពួកគេរឹតតែទទួលបាននូវប្រាក់ចំណូលច្រើនបន្ថែមទៀត។

ទើបតែសប្តាហ៍មុននេះ ខ្ញុំមានឱកាសទៅជួបជាមួយកសិករមួយចំនួនក្នុងខេត្តកំពង់ធំ ដែលដាំដុះ​បន្លែនៅតាមសួនបន្លែក្នុងផ្ទះរបស់ពួកគេ។ ដោយប្រើប្រាស់នូវបច្ចេកវិទ្យាសាមញ្ញ និងមានតម្លៃទាបដូចជា​ការ​ប្រើប្រាស់ប្លាស្ទិក ឬបំពង់រក្សាសំណើម និងទ្រើង ពួកគេអាចបង្កើនផលិតកម្មរបស់ខ្លួនថែមមួយកម្រិត​ទៀត។ ជាលទ្ធផល ពួកគេមានម្ហូបកាន់តែច្រើននៅលើតុបាយ មានស្បៀងកាន់តែច្រើនក្នុងសហគមន៍ ហើយចំនួនកុមារដែលអត់ឃ្លានកាន់តែថយចុះ។

ថ្ងៃនេះ យើងទាំងអស់គ្នាកំពុងរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងធំមួយដើម្បីកាត់បន្ថយភាពក្រីក្រ និង​ កង្វះអាហារូបត្ថម្ភនៅកម្ពុជា។ ការប្រកាសដាក់ឲ្យដំណើរការនូវគម្រោង កម្ពុជាហាវែស II របស់ទីភ្នាក់ងារ USAID នៅកម្ពុជាថ្ងៃនេះគឺជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយជាច្រើនទៀត ដែល​រដ្ឋាភិបាលសហរដ្ឋអាមេរិកចូលរួមចំណែកក្នុងភាពជោគជ័យរបស់ប្រទេសកម្ពុជាក្នុងការបញ្ចប់ភាពអត់ឃ្លាន និងអសន្តិសុខស្បៀងក្នុងប្រទេសកម្ពុជា។

ខ្ញុំសូមថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រីដែលមានវត្តមាននៅទីនេះ យើងមកកាន់ទីនេះដើម្បីពង្រឹងការប្តេជ្ញាចិត្តក្នុងការបំពេញការងារជាមួយអ្នកទាំងអស់គ្នា និងគាំទ្រដល់កិច្ច​ការដែលអ្នកទាំងអស់គ្នាបាន និងកំពុងធ្វើក្នុងវិស័យបន្លែ។ ខ្ញុំពិតជាមានមោទនភាពចំពោះអ្វីដែលយើង​សម្រេច​បានរួមគ្នានារយៈពេលប្រាំមួយឆ្នាំមកនេះ ហើយខ្ញុំទន្ទឹងរង់ចាំការឈានទៅសម្រេចកិច្ចការជា​ច្រើន​បន្ថែម​​ទៀតក្នុងរយៈពេលប្រាំឆ្នាំបន្តទៅមុខទៀតនេះ។

​អរគុណច្រើន! 

Phnom Penh
Issuing Country 

Last updated: December 08, 2017

Share This Page