ពិធីប្រគល់សម្ភារៈដើរល្បាតដល់សហគមន៍ព្រៃឈើ

Wednesday, June 14, 2017
លោកស្រី Polly Dunford នាយិកាទីភ្នាក់ងារជំនួយអាមេរិក​ USAID ប្រគល់សម្ភារៈល្បាតដល់សមាជិកបណ្តាញសហគមន៍ព្រៃឡង់ និងបណ្តាញប្រជាសហគមន៍ការពារតំបន់ព្រៃឡង់
លោកស្រី Polly Dunford នាយិកាទីភ្នាក់ងារជំនួយអាមេរិក​ USAID ប្រគល់សម្ភារៈល្បាតដល់សមាជិកបណ្តាញសហគមន៍ព្រៃឡង់ និងបណ្តាញប្រជាសហគមន៍ការពារតំបន់ព្រៃឡង់
USAID/Ty Chan
  • សូមគោរព ឯកឧត្តម ចាយ សាមិត្ត អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន
  • សូមគោរព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ
  • សូមគោរពតំណាងដៃគូអភិវឌ្ឍន៍
  • សូមគោរពភ្ញៀវកិត្តិយសជាទីមេត្រី!

ខ្ញុំពិតជាមានសេចក្តីរីករាយដោយបានឃើញនូវសម្រស់ដ៏ផូរផង់នៃព្រៃឡង់ និងបានជួបជាមួយប្រជាជន​ដែ​លបានលះបង់នូវអាយុជីវិតរបស់ខ្លួនដើម្បីការពារធម្មជាតិដ៏អស្ចារ្យមួយនេះ។ ខ្ញុំមានសេចក្តីរំភើប​ និង​រន្ធត់​ដោយ​​បានស្តាប់នូវរឿងរ៉ាវ និងការប្រឈមនានាដែលពួកគេជួបប្រទះរាល់ថ្ងៃ។  នេះគឺជាមូលហេតុ​មួយ​ក្នុង​ចំណោមមូលហេតុជាច្រើន ដែលនាំអោយខ្ញុំបានមកកាន់ទីនេះនាថ្ងៃនេះ ដើម្បីទទួលស្គាល់នូវ​ការទទួលខុសត្រូវដ៏ធំធេងរបស់ឧទ្យានុរក្ស និងសមាជិកសហគមន៍ព្រៃឈើក្នុងប្រទេសកម្ពុជា។

ខ្ញុំសូមកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសក្រសួងបរិស្ថានក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់។ ខ្ញុំក៏សូម​កត់​សម្គាល់​​នូវកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន និងការចូលរួមរបស់សមាជិកសហគមន៍។ កិច្ចការពារ​ធន​ធានធម្មជាតិរបស់ប្រទេសមួយមិនមានភាពងាយស្រួលនោះទេ។ ប្រសិនបើថ្នាក់ដឹកនាំមានការ​ប្តេជ្ញាចិត្ត​ពិតប្រាកដ ពេលនោះអ្នកនៅជួរមុខនឹងមានអារម្មណ៍កាន់តែរឹងមាំ។ ឧបករណ៍ដើរល្បាតនេះ នឹងជួយដល់​ឧទ្យានុរក្ស និងសមាជិកសហគមន៍ ដែលជាអ្នកការពារព្រៃឈើកម្ពុជាបន្តការងាររបស់​ខ្លួន ហើយក្រសួង​បរិស្ថានក៏អាចបន្តនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអភិរក្ស និងការអប់រំផ្នែក​បរិស្ថានផងដែរ។

ការសម្រេចរបស់រដ្ឋាភិបាលក្នុងការដាក់បញ្ចូលតំបន់ធម្មជាតិកាន់តែច្រើនទៅជាតំបន់ការពារ គឺមានសារៈ​សំខាន់។ វាបានជួយអោយប្រទេសកម្ពុជាដើរលើគន្លងមួយត្រឹមត្រូវឆ្ពោះទៅកាន់ការរីកចម្រើនប្រកប​ដោយចីរភាព។ ដើម្បីសម្រេចបាននូវគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព ការអភិរក្សធនធាន​ធម្ម​ជាតិ​ពុំមែនជាទំនួលខុសត្រូវរបស់រាជរដ្ឋាភិបាលតែឯងនោះទេ ប៉ុន្តែវាក៏ជាការរួមចំណែកទទួលខុសត្រូវពី​សំណាក់​អង្គការ​សង្គមស៊ីវិល យុវជន និងសហគមន៍ព្រៃឈើទាំងអស់ផងដែរ។

ក្នុងដំណើរទស្សនកិច្ចទៅកាន់ខេត្តក្រចេះកាលពីឆ្នាំកន្លងទៅ ខ្ញុំបានឃើញប្រព័ន្ធអេកូសាស្ត្រចម្រុះព័ណ៌ រស់រវើក និងលូតលាស់លាតសន្ធឹងលើផ្ទៃដីដ៏ធំធេង។ ខ្ញុំក៏បានឃើញការគម្រាមកំហែងនានាកំពុងតែ​ទន្ទ្រានចូលដល់តំបន់អេកូសាស្ត្រដ៏មានសារៈសំខាន់នេះផងដែរ។ នៅតាមតំបន់ជាច្រើន នៅពេលដែល​មានការរីកលូតលាស់នៃរុក្ខជាតិ តែងតែមានទីកន្លែងដែលស្ងួតហែងផងដែរ។ ការមើលឃើញទាំង​ព្រៃឈើ​ដែល​​នៅល្អ និងព្រៃឈើដែលរិចរិល បានធ្វើអោយខ្ញុំនឹកឃើញនូវអ្វីដែលបានបាត់បង់ ហើយក៏នឹកដល់អ្វី​ដែលយើងចាំបាច់ត្រូវការពារ។

ជាមួយក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ និងអង្គការសង្គមស៊ីវិលដែលជាដៃគូរបស់យើង ខ្ញុំមានមោទនភាព​ក្នុងការនិយាយថាយើងខ្ញុំបានចូលរួមចំណែកក្នុងប្រយុទ្ធប្រឆាំងនឹងការបំផ្លាញព្រៃឈើ និងការបាត់បង់នូវ​ជីវចម្រុះក្នុងតំបន់ទំនាបកណ្តាលភាគខាងកើត និងក្នុងតំបន់ព្រៃឡង់។ ការងាររបស់យើងផ្តោតសំខាន់លើ​ការចូលរួមចំណែករបស់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងសហគមន៍ព្រៃឈើ សាលារៀន និងមន្ត្រីរដ្ឋាភិបាល។​​ ក្រុមទាំងនេះត្រូវដើរតួនាទីយ៉ាងសំខាន់ ដើម្បីគ្រប់គ្រងធនធានធម្មជាតិរបស់ប្រទេសប្រកបដោយចីរភាព។

នេះជាមូលហេតុដែលនាំអោយយើងបានមកជួបគ្នាថ្ងៃនេះ។ ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការ​ចែក​រំលែកដល់អ្នកទាំងអស់គ្នានូវឧទាហរណ៍មួយទៀតនៃការគាំទ្ររបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក​សម្រាប់​​ការ​អភិវឌ្ឍអន្តរជាតិដល់ការងារដែលអ្នកទាំងអស់គ្នាកំពុងបំពេញដើម្បីសង្គ្រោះព្រៃឈើកម្ពុជា។ តាមរយៈ​គម្រោងគាំទ្រព្រៃឈើនិងជីចម្រុះរបស់យើង យើងនឹងផ្តល់នូវសម្ភារៈល្បាតដល់សមាជិកបណ្តាញសហគមន៍ព្រៃឡង់ និងបណ្តាញប្រជាសហគមន៍ការពារតំបន់ព្រៃឡង់ចំនួន ២៣០រូប។ សមាជិកសហគមន៍អញ្ជើញ​មកពីសហគមន៍ព្រៃឈើជាង ៥០ និងមានទីតាំងក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់។ ដែនជម្រក​នេះ​គ្របដណ្តប់លើព្រៃជាច្រើនប្រភេទរាប់ទាំងពីព្រៃបៃតងជានិច្ចរហូតដល់ព្រៃស្ងួត និងជាទីជម្រកនៃសត្វ និងរុក្ខជាតិដែលកំពុងស្ថិតក្នុងការគម្រាមកំហែង និងផុតពូជ។ ព្រៃឈើ និងសត្វទាំងអស់នេះមិនត្រឹមតែ​មាន​សារៈសំខាន់ចំពោះកម្ពុជាប៉ុណ្ណោះទេ តែវាជារតនសម្បត្តិរបស់ភពផែនដីទាំងមូលផងដែរ។

កញ្ចប់សម្ភារៈទាំង ២៣០ ផ្តល់នូវឧបករណ៍ប្រកបដោយគុណភាពខ្ពស់រួមមាន៖ កាបូបស្ពាយ ស្បែក​ជើងធ្វើពីស្បែក តង់ អាវភ្លៀង អង្រឹង និងអំពូលបំភ្លឺពាក់លើក្បាល។ ឧបករណ៍ទាំងនេះនឹងបង្កើនសមត្ថ​ភាពរបស់សមាជិកសហគមន៍ក្នុងការដើរល្បាតក្នុងដែនជម្រកសត្វព្រៃដ៏មានសារៈសំខាន់នេះ ដើម្បីទប់​ស្កាត់ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ និងការបរបាញ់សត្វ។ ឧបករណ៍ល្បាតព្រៃនេះបំពេញបន្ថែម​លើវគ្គបណ្តុះបណ្តាលការអនុវត្តច្បាប់មួយសម្រាប់សមាជិកសហគមន៍ក្នុងខេត្តចំនួនបួននៃដែនជម្រក សត្វព្រៃឡង់ ដែលផ្តល់មូលនិធិដោយទីភ្នាក់ងារ USAID​ ផងដែរ។

ខ្ញុំមានសេចក្តីរំភើបដោយសមាជិកសហគមន៍ព្រៃឈើបានអោយដឹងថាការចុះល្បាតប្រចាំខែរបស់សហគមន៍នាឆ្នាំកន្លងមក បានឈានទៅកាត់បន្ថយបទល្មើសព្រៃឈើក្នុងសហគមន៍ព្រៃឈើរបស់ពួកគេគួរ​អោយកត់សម្គាល់។ អ្នកកាប់ឈើខុសច្បាប់ត្រូវបានចាប់ខ្លួន អន្ទាក់ទាំងឡាយត្រូវបានរើចេញ​ សត្វព្រៃ​មានសេរីភាពឡើងវិញ ហើយរណារត្រូវបានដកហូត។ យើងបានឃើញដោយផ្ទាល់ថានៅពេលដែល​មានការកំណត់ត្រឹមត្រូវនូវតួនាទី និងធនធានសមស្របសម្រាប់ការចូលរួមគ្រប់គ្រងព្រៃឈើរបស់សហ​គមន៍ និងអាជ្ញាមូលដ្ឋាន នោះការការពារព្រៃឈើកាន់តែមានភាពរឹងមាំខ្លាំងក្លាឡើង។ ដោយសារតែ​ដូច្នេះ គម្រោងគាំទ្រព្រៃឈើ និងជីវចម្រុះរបស់យើងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងជួយដល់​ពួកគេក្នុងការទទួលខុសត្រូវសម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ។​ យើងក៏បានលើកទឹកចិត្តអោយមាន​កិច្ចសហប្រតិបត្តិការ និងការល្បាតរួមគ្នារវាងអ្នកដើល្បាតរបស់សហគមន៍ និងមន្ត្រីឃុំ ព្រមទាំងឧទ្យានុ​រក្សរបស់រាជរដ្ឋាភិបាលផងដែរ។ វា គឺជាកិច្ចប្រឹងប្រែងជាក្រុមយ៉ាងពិតប្រាកដ។

ជាថ្មីម្តងទៀត ខ្ញុំមានសេចក្តីរីករាយដោយបានមកកាន់ទីនេះនាថ្ងៃនេះ។ យើងមានមោទនភាពក្នុងការ​បំពេញការងារជាមួយប្រជាជនកម្ពុជាដើម្បីការពារនូវធនធានធម្មជាតិដ៏អស្ចារ្យរបស់ប្រទេសនេះ។

អរគុណច្រើន!

Kampong Thom Province
Issuing Country 

Last updated: October 26, 2017

Share This Page