ពិធីសម្ពោធមជ្ឈមណ្ឌល អភិវឌ្ឍន៍សហគមន៍ នៃក្រុមហ៊ុនកូកាកូឡាកម្ពុជា

Wednesday, October 25, 2017
ពិធីសម្ពោធមជ្ឈមណ្ឌល អភិវឌ្ឍន៍សហគមន៍ នៃក្រុមហ៊ុនកូកាកូឡាកម្ពុជា
ពិធីសម្ពោធមជ្ឈមណ្ឌល អភិវឌ្ឍន៍សហគមន៍ នៃក្រុមហ៊ុនកូកាកូឡាកម្ពុជា
USAID/Ty Chan
  • សូមគោរព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា
  • សូមគោរព ឯកឧត្តម ហែម ដារឹទ្ធ អភិបាលខ័ណ្ឌពោធិសែនជ័យ
  • សូមគោរព លោក David Wigglesworth នាយកប្រតិបត្តិក្រុមហ៊ុនភេសជ្ជៈកម្ពុជា
  • សូមគោរពលោក Dana Bolden នាយកកិច្ចការសាធារណៈ និងទំនាក់ទំនងនៃក្រុមហ៊ុន Bottling Investment Group
  • សូមគោរពលោក Eric Welsh នាយកផ្នែកប្រតិបត្តិការសកលនៃមជ្ឈមណ្ឌល EKO
  • សូមគោរពសហការីពីរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន
  • សូមគោរពបុគ្គលិកក្រុមហ៊ុនកូកា កូឡា ភ្ញៀវកិត្តិយស លោក លោកស្រីជាទីមេត្រី!

ខ្ញុំមានសេចក្តីរីរាយណាស់ដោយបានមកចូលរួមក្នុងពិធីសម្ពោធមជ្ឈមណ្ឌល អភិវឌ្ឍន៍សហគមន៍ (EKO-Center) ដំបូងបង្អស់​របស់​​ក្រុមហ៊ុន កូកាកូឡា កម្ពុជា ដែលចម្ងាយត្រឹមតែ ៥គីឡូម៉ែត្រប៉ុណ្ណោះពីរោងចក្រផលិតដបដ៏ថ្មី​ស្រឡាង​មួយ​របស់​ក្រុមហ៊ុន កូកាកូឡា កម្ពុជា ដែលបានសាង់ឡើងក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ រោងចក្រផលិតដបនេះឆ្លុះបង្ហាញពីជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនារយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដើម្បីទាក់ទាញការវិនិយោគបរទេស។ ជោគជ័យនោះទទួលបានតាមរយៈក្រប​ខ័ណ្ឌ​វិនិយោគបើកចំហរមួយ តំបន់សេដ្ឋកិច្ចពិសេសទំនើបៗ ភាពប្រសើរឡើងនៃការគ្រប់គ្រងពន្ធ ព្រមទាំង​កំណែ​ទម្រង់ដែលមានលក្ខណៈអំណោយផលដល់វិស័យធុរកិច្ច។ ខ្ញុំជឿជាក់ថាវិនិយោគិនបរទេសផ្សេង​ទៀត ហើយសង្ឃឹមថាវិនិយោគិនអាមេរិកច្រើនទៀត នឹងមើលឃើញនូវវត្តមានរបស់ក្រុមហ៊ុន កូកា កូឡា ថាជានិម្មិតរូបនៃសក្តានុពលរបស់ប្រទេសកម្ពុជា និងជាសញ្ញាមួយបង្ហាញថាកម្ពុជាបានត្រៀមខ្លួនរួចរាល់​សម្រាប់ធុរកិច្ច។ រដ្ឋាភិបាលសហរដ្ឋអាមេរិកតែងតែធ្វើការដើម្បីជួយបង្កើនកំណើនសេដ្ឋកិច្ចរបស់កម្ពុជា យើងនៅទីនេះជាមួយអ្នក។ ការលើកកម្ពស់ជីវភាពប្រជាជនកម្ពុជាទាំងអស់ គឺជាអាទិភាពរបស់យើង ហើយ​អ្វីដែលសំខាន់នោះ គឺការលើកកម្ពស់កិច្ចអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចរបស់ប្រទេស។ ទាំងអស់នេះ​គឺ​ជា​មូលហេតុដែលនាំឲ្យយើងបានជួបជុំគ្នានៅថ្ងៃនេះ។

មជ្ឈមណ្ឌល EKO-Center នេះតំណាងឲ្យតម្លៃជាច្រើនរបស់ក្រុមហ៊ុន កូកាកូឡា។ ក្រុមហ៊ុន កូកាកូឡា ត្រូវបាន​គេស្គាល់ច្បាស់តាម​រយៈការអនុវត្តយ៉ាងល្អប្រសើរនូវគោលការណ៍ទទួលខុសត្រូវរបស់សង្គម​សាជីវកម្ម​របស់ខ្លួន ជាពិសេស​ការប្តេជ្ញាចិត្តជាសកលក្នុងការផ្តល់អំណាចដល់ស្ត្រី។ លើសពីនេះ ខ្ញុំពិតជា​សប្បាយ​​រីក​រាយ​ចំពោះ​គំនិត​ផ្តួចផ្តើមសកលរបស់ក្រុមហ៊ុន កូកា កូឡា ក្នុងការនាំមកនូវទឹកស្អាត ថាមពល​​ដើរ​​ដោយ​​ពន្លឺ​ព្រះអាទិត្យ និងមជ្ឈមណ្ឌលសហគមន៍ទៅ​កាន់ក្រុង និងភូមិនានានៅជុំវិញពិភពលោក។

ក្នុងបរិបទនេះ ខ្ញុំមានមោទនភាពក្នុងការនិយាយថាទីភ្នាក់ងារជំនួយអាមេរិក USAID និងក្រុមហ៊ុន កូកា កូឡា​កម្ពុជា បានឯកភាពរួមគ្នាកសាងនូវភាពជាដៃគូសាធាណៈ និងឯកជនមួយ ដើម្បីពង្រីកការងារជួយដោយ​ផ្ទាល់​​ដល់ប្រជាជនកម្ពុជាតាមរយៈការបណ្តុះបណ្តាលផ្នែកធុរកិច្ច ឱកាសការងារ និងការទទួលបាននូវ​សេវាទឹក​ស្អាត។ កិច្ចគាំទ្ររបស់ទីភ្នាក់ងារ USAID នឹងជួយធានាថាចំណុចទាំងអស់ខាងលើនឹងផ្តល់អត្ថ​ប្រយោជន៍​​​​ដល់ប្រជាជនដែលងាយទទួលរងគ្រោះដោយការជួញដូរមនុស្ស ជាពិសេសស្ត្រី។ ភាពជាដៃគូ​នេះ​ក៏នឹង​ជួយផ្តល់នូវរទេះរុញដល់ស្ត្រីចំនួន ២០នាក់នៅតាមទីជនបទ ដើម្បីឲ្យពួកគេអាចលក់ផលិតផល​កូកា កូឡា ក៏ដូចជាបង្កើនប្រាក់ចំណូលរបស់ពួកគេផងដែរ។ ប្រសិនបើការងារដំណើរការបានរលូន ក្រុមហ៊ុន​​កូកាកូឡា និងទីភ្នាក់ងារ USAID នឹងធ្វើការសិក្សាពីលទ្ធភាពពង្រីកចំនួននៃការផ្តល់រទេះរុញ​បន្ថែម​ទៀត។

ការកំណត់នូវប្រភពដ៏គួរឲ្យជឿជាក់សម្រាប់ការចិញ្ចឹមជីវិតបែបនេះ គឺជាគន្លឹះសម្រាប់ការទប់​ស្កាត់​ការជួញដូរមនុស្ស។ ក្រុមហ៊ុន កូកាកូឡា នឹងធ្វើការយ៉ាងជិតស្និតជាមួយអង្គការ Winrock International ដែលជាដៃគូរបស់ទីភ្នាក់ងារ USAID ដើម្បីជួយដល់កិច្ចប្រឹងប្រែងនេះ ជាមួយនឹងជំនួយបច្ចេកទេសបន្ថែម​ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ ១០ម៉ឺនដុល្លារ។ ក្រុមហ៊ុន កូកាកូឡា ក៏នឹងផ្តល់ការបណ្តុះបណ្តាល​ផ្នែកសហគ្រិនភាព និងធុរកិច្ចដល់ស្ត្រី ដើម្បីឲ្យពួកគេអាចគ្រប់គ្រងមុខជំនួញផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។

នៅសហរដ្ឋអាមេរិក យើងលើកទឹកចិត្តដល់ក្រុមហ៊ុនទាំងឡាយឲ្យមានទំនាក់ទំនងជានិម្មិតរូប​មួយជាមួយសហគមន៍មូលដ្ឋានដែលក្រុមហ៊ុនទាំងនោះស្ថិតនៅ។ យើងលើកទឹកចិត្តឲ្យក្រុមហ៊ុនទាំង​នោះ​អនុវត្ត​នូវការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន ផ្តល់ការងារដល់សមាជិកក្នុងសហគមន៍នោះឲ្យបានច្រើន​តាមដែលអាចធ្វើទៅបាន និងបង្កើនការអភិវឌ្ឍសង្គម។ ដូចដែលឯកឧត្តម អស់លោក លោកស្រីបានឃើញ​ជាក់ស្តែងហើយ នោះគឺអ្វីដែលក្រុមហ៊ុន កូកាកូឡា កំពុងអនុវត្តសព្វថ្ងៃនេះ ដោយមានការជួយជ្រោម​ជ្រែងពីទីភ្នាក់ងារ USAID។

សូមថ្លែងអំណរគុណចំពោះឯកឧត្តម លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ដែលបាន​អញ្ជើញ​​​មក ហើយខ្ញុំរង់ចាំទៅទស្សនាមជ្ឈមណ្ឌល EKO-Center ជាមួយអ្នកទាំងអស់គ្នា។ 

Phnom Penh

Last updated: October 26, 2017

Share This Page