សុន្ទរកថារបស់លោកស្រី Polly Dunford នាយិកាបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ ការផ្សព្វផ្សាយការវាយតម្លៃលើការចំណាយប្រចាំឆ្នាំលើកម្មវិធីអេដស៍ថ្នាក់ជាតិ

Speeches Shim

Tuesday, 9 May, 2017
សុន្ទរកថារបស់លោកស្រី Polly Dunford នាយិកាបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ ការផ្សព្វផ្សាយការវាយតម្លៃលើការចំណាយប្រចាំឆ្នាំលើកម្មវិធីអេដស៍ថ្នាក់ជាតិ
សុន្ទរកថារបស់លោកស្រី Polly Dunford នាយិកាបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ ការផ្សព្វផ្សាយការវាយតម្លៃលើការចំណាយប្រចាំឆ្នាំលើកម្មវិធីអេដស៍ថ្នាក់ជាតិ
  • សូមគោរពឯកឧត្តម ទា ផល្លា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍
  • សូមគោរពលោកស្រី Marie-Odile Emond តំណាងប្រចាំប្រទេសនៃអង្គការ UNAIDS
  • សូមគោរពតំណាងអង្គការសង្គមស៊ីវិល
  • ភ្ញៀវកិត្តិយសទាំងអស់

ថ្ងៃនេះខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយដោយបានចូលរួមជាមួយអ្នកទាំងអស់គ្នា តំណាងអោយ​ទីភ្នាក់​ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ និងផែនការ​បន្ទាន់​សម្រាប់​ជួយ​សង្គ្រោះ​ផ្នែក​ជំងឺ​អេដស៍​របស់​ប្រធានាធិបតី​អាមេរិកហៅកាត់ថា PEPFAR ដែលអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានស្គាល់។

ការវាយតម្លៃលើការចំណាយប្រចាំឆ្នាំលើកម្មវិធីអេដស៍ថ្នាក់ជាតិ (NASA) គឺជាការសិក្សាមួយដ៏មានសារៈ​សំខាន់​ដែល​ផ្តល់នូវទិន្នន័យនៃការចំណាយជាក់ស្តែងដែលទទួលបានពីគ្រប់ប្រភពនៅទូទាំងប្រទេសសម្រាប់​ការប្រយុទ្ធ​​នឹងជម្ងឺអេដស៍។ ខណៈដែលខ្ញុំនឹងមិនបង្ហាញនូវលទ្ធផលគួរអោយចាប់អារម្មណ៍ដែលអ្នក​ស៊ើប​អង្កេត​នានានឹងធ្វើបទបង្ហាញជូន ខ្ញុំចង់និយាយអំពីធនធានថវិកាក្នុងស្រុក និងយុទ្ធសាស្ត្របន្តផ្តោតលើការ​លុប​បំបាត់ជម្ងឺ​រាត​ត្បាតប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា។

ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា ប្រទេសកម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរអោយកត់សម្គាល់ក្នុង​ការប្រយុទ្ធនឹងជម្ងឺអេដស៍ ព្រមទាំងកំពុងខិតជិតទៅសម្រេចបាននូវគោលដៅ ៩០.៩០.៩០ របស់​ខ្លួនក្នុងការលុបបំបាត់មេរោគអេដស៍។ ជោគជ័យនេះគឺជាលទ្ធផលនៃធនធាន និងសកម្មភាពរួមពីសំណាក់​រាជ​រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធសំខាន់ៗ។ ក្នុងនាមជាអតីតមន្ត្រីផ្នែក​សុខាភិ​បាលដែលធ្លាប់បានបម្រើការនៅតាមប្រទេសជាច្រើនដែលគាំទ្រដោយ PEPFAR ខ្ញុំមានការភ្ញាក់​ផ្អើលចំពោះអ្វីដែលកម្ពុជាបានប្រែក្លាយចំណងរួមរឹតដោយការរាលដាលនៃជម្ងឺអេដស៍ ទៅជាប្រទេសមួយ​ដំបូងគេក្នុងការសម្រេចបាននូវការលុបបំបាត់ការរីរាលដាលនៃជម្ងឺអេដស៍។

ទោះបីជាយ៉ាងណា​ បរិបទថ្មីនៃប្រទេសកម្ពុជាមានសភាពខុសប្លែកពី ទសវត្សឆ្នាំ ១៩៩០ និងដើមទសវត្ស​ឆ្នាំ២០០០ ដែលជារយៈកាលនៃការកើនឡើងខ្ពស់​នូវ​ការ​រីករាលដាលនៃមេរោគអេដស៍ ។ សេដ្ឋកិច្ចប្រទេស​កម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ ដោយមានកំណើនថេរក្នុងរង្វង់ជាង ៧ភាគរយនាប៉ុន្មានឆ្នាំកន្លងទៅ​នេះ។ ឆ្នាំមុន ធនាគារពិភពលោកបានប្រកាសថាប្រទេសកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតទាប។ យើងអាចឃើញនូវវឌ្ឍនភាពទាំងនេះនៅជុំវិញខ្លួនយើងទាំងនៅទីក្រុង និងតាមផ្លូវទៅកាន់តំបន់ជនបទក្នុង​ប្រទេសកម្ពុជា។

និរន្តរភាពហិរញ្ញវត្ថុ គឺជាចំណុចប្រសព្វនៃការសិក្សានៃរោគរាត្បាត និងសេដ្ឋកិច្ច។ សូមរម្លឹកខ្លួនយើងឡើង​វិញថាតើនិរន្តរភាពមានអត្ថន័យពិតប្រាកដយ៉ាងដូចម្តេច? វាគឺជាសមត្ថភាពក្នុងការលុបបំបាត់នូវរោគរាត​ត្បាត និងធានានូវស្ថេរភាពមូលនិធិសម្រាប់ការបង្ការ និងព្យាបាលមេរោគអេដស៍។ វាក៏សំដៅលើប្រព័ន្ធ​សុខា​ភិ​បាល​មួយដែលគាំទ្រដល់សេវាទាំងនេះបន្ទាប់ពីសម្រេចបាននូវការលុបបំបាត់ការរាលដាល។ បរិស្ថាន​សេដ្ឋ​​​កិច្ច​ក្នុងប្រទេសកម្ពុជា តាមធម្មតាហិរញ្ញប្បទានសម្រាប់ជម្ងឺអេដស៍នឹងមានការប្រែប្រួលជា​បន្ត​បន្ទាប់។ ការផ្តល់មូលនិធិពីខាងក្រៅមានការធ្លាក់ចុះយ៉ាងឆាប់រហ័ស ហើយការសន្ទនាជុំវិញនិរន្តរភាពកំពុងតែមានការ​កើនឡើង។ ខណៈដែលការកាត់បន្ថយនូវធនធានសរុបបាននាំអោយប្រសិទ្ធភាពមានភាពប្រសើរឡើង ការ​ធ្លាក់ចុះនូវការផ្តល់មូលនិធិសម្រាប់មេរោគហ៊ីវនាពេលថ្មីៗនេះកំពុងតេគំរាមកំហែងខ្លាំងដល់ការបង្ការ និង​សេវាសាកល្បងនានាសម្រាប់ជនដែលងាយរងគ្រោះ និងជនកំពុងប្រឈមហនិភ័យបំផុត។ យើងទាំងអស់​គ្នា​យល់​ស្របថាយើងត្រូវតែថែរក្សានូវការវិនិយោគ និងស្នាដៃដែលសម្រេចបានកន្លងមក បើទោះជាប្រឈម​នឹងការ​ធ្លាក់ចុះនូវធនធានក៏ដោយ។ ខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាក៏ឯកភាពផងដែរថាផ្លូវឆ្ពោះទៅកាន់និរន្តភាព​ចាំបាច់ត្រូវពន្លឿន។ នៅក្នុងដំណាក់កាលប្រសព្វគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ អង្គការសង្គម​ស៊ីវិល និងភាគីពាក់ព័ន្ធចាំបាច់ត្រូវបង្កើតនូវផែនការជាក់លាក់មួយ។ ផែនការដែលនឹងធានាថានៅពេលដែល​សម្រេច​​បាននូវការលុបបំបាត់ជម្ងឺឆ្លង សេវា ប្រព័ន្ធ ហិរញ្ញប្បទាន និងគោលនយោបាយនានាតម្រូវ​រក្សា​អោយមានដដែល។

ប្រទេសកម្ពុជាមិនមែនជាប្រទេសតែមួយដែលធ្វើអោយមានការប្រែប្រួលនេះទេ។ ការវិនិយោគលើកម្មវិធី​អេដស៍​​ក្នុង​​​ស្រុកនៅបណ្តាប្រទេសជុំវិញពិភពលោកមានការកើនឡើងគួរអោយកត់សម្គាល់ក្នុងប៉ុន្មាន​ឆ្នាំកន្លងមកនេះ។ ប្រទេសជា​ច្រើនកំពុងតែបោះជំហ៊ានយ៉ាងសំខាន់ឆ្ពោះទៅកាន់អនាគតមួយប្រកបដោយនិរន្តរភាព។ មនុស្ស​មួយភាគបី​កំពុងរស់នៅជាមួយមេរោគអេដស៍ក្នុងបណ្តាប្រទេសដែលធនធានក្នុងស្រុកផ្តល់ហិរញ្ញប្បទានភាគ​ច្រើន​លើការទិញថ្នាំ ARV។ ក្នុងនោះមានប្រទេសជិតខាងរបស់យើ​ង​ គឺប្រទេសវៀតណាម ថៃ និងភូមា។ ជាញឹកញយ ការបេ្តជ្ញាចិត្តដំបូងរបស់ប្រទេសក្នុងការធ្វើហិរញ្ញប្បាទានលើកម្មវិធីអេដស៍ គឺការទិញថ្នាំ ARVs។ មាន​ហេតុ​​ផល​ល្អៗ​មួយចំនួនសម្រាប់ការធ្វើដូច្នោះ។ ទី១ ថ្នាំ ARVs គឺជាអ្នកសង្គ្រោះជីវិត និងអនុញ្ញាតអោយ​ជន​ដែលរស់នៅជាមួយមេរោគហ៊ីវអាចរស់នៅបានជាធម្មតាដូចប្រជាពលរដ្ឋដ៏ទៃដោយពុំមានការចម្លងមេរោគ​ទៅកាន់អ្នកដ៏ទៃ។ ទី២ ថ្នាំ ARVs មានភាពងាយស្រួលក្នុងការតាមដាន។ ជាលទ្ធផល ក្រសួងហិរញ្ញវ្ថុភាគ​ច្រើន​​យល់​ថា​ការ​ផ្តល់មូលនិធិ​ទិញថ្នាំ ARVs គឺជាការប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពនូវហិរញ្ញវត្ថុសុខាភិ​បាល។ ចំណុចសំខាន់ផ្សេងទៀតដែលធនធានក្នុងស្រុកត្រូវបានវិនិយោគរួមមាន៖ ធនធានមនុស្ស កញ្ចប់​តេស្ត​មេរោគអេដស៍ វត្ថុធាតុដើម សេវា និងសម្ភារៈមន្ទីរពិសោធន៍សម្រាប់ប្រជាជនគន្លឹះ។

សម្រាប់រដ្ឋាភិបាលអាមេរិក និរន្តភាពនៃការឆ្លើយតបនៃកម្មវិធីអេដស៍មានន័យថាប្រទេសមួយបានបង្ករបរិយា​កាស និងផ្តល់សេវា ប្រព័ន្ធ និងធនធានដែលតម្រូវដើម្បីត្រួតពិនិត្យ និងលុបបំបាត់ការរីករាលដាលនៃជម្ងឺ​អេដស៍។ ទាំងនេះរួមមានហិរញ្ញវត្ថុ ធនធានមនុស្ស និងស្ថាប័នដែលតម្រូវដើម្បីរក្សាប្រព័ន្ធ និងការដំណើរការ​សេវានានា។ មូលដ្ឋានប្រភពហិរញ្ញវត្ថុប្រកបដោយស្ថេរភាព គឺមានសារៈសំខាន់សម្រាប់ការរៀបចំផែនការ និងការសម្រេចចិត្តរយៈពេលវែង។ ដោយសារការផ្តល់ហិរញ្ញវត្ថុនឹងមានដែនកំណត់ ឥទ្ធិពលនៃមូលនិធិ​នីមួយៗ​ត្រូ​វតែលាតត្រដាងតាមរយៈការធានាថាការវិនិយោគទាំងឡាយមានលក្ខណៈយុទ្ធសាស្ត្រ មានប្រសិទ្ធ​ភាព និងសន្សំសំចៃ។

ខណៈដែលប្រទេសកម្ពុជាអបអរនូវស្នាដៃសម្រេចបានរបស់ខ្លួនជាពីរទសវត្សមកនេះ ថ្នាក់ដឹកនាំ និងដៃគុរបស់​ខ្លួនកំពុងធ្វើការសម្របកម្មវិធីជាមួយនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សមួយ។ តម្លៃនៃការប្រយុទ្ធនឹងជម្ងឺអេដស៍ និងលំហែទាំជិវិតតាមរយៈការព្យាបាលមួយជីវិត គួបផ្សំជាមួយនឹងការថយចុះនៃជំនួយ និងកំណើនសេដ្ឋកិច្ច កំពុងតែបង្កើតនូវកាលានុវត្តភាពថ្មីដើម្បីពង្រីកភាពជាម្ចាស់ និងការផ្តល់ហិរញ្ញវត្ថុសម្រាប់សកម្មភាពអេដស៍។

អ្វីដែលសម្រេចបានមានភាពធំធេង។ ប្រសិនបើយើងបន្តធានាថារាល់ការវិនិយោគមានលទ្ធផលច្បាស់លាស់ នោះមិនត្រឹមតែការលុបបំបាត់នូវមេរោគរាលដាលនោះទេ តែការលុបបំបាត់ជម្ងឺអេដស៍ប្រកបដោយចីរភាពនឹង​ស្ថិតនៅក្នុងកណ្តាប់ដៃរបស់យើង។

ការផ្សព្វផ្សាយនូវការរកឃើញរបស់ការវាយតម្លៃលើការចំណាយប្រចាំឆ្នាំលើកម្មវិធីអេដស៍ថ្នាក់ជាតិ (NASA)​នាថ្ងៃនេះ​ផ្តល់នូវមូលដ្ឋានដែលយើងអាចប្រើប្រាស់សម្រាប់ការតាមដាននូវវឌ្ឍនភាពនៃហិរញ្ញប្បទានក្នុងស្រុក ដើម្បី​ធានា​ថាកម្ពុជាកា្លយជាប្រទេសដែលគ្មានជម្ងឺអេដស៍។ សូមយើងទាំងអស់គ្នាប្រើប្រាស់នូវការវាស់វែង​ជា​មូល​ដ្ឋាននេះដើម្បីបន្តកិច្ចពិភាក្សាស្តីពីនិរន្តភាព និងធានាថាកម្ពុជាសម្រេចបាននូវគោលដៅ ៩៥.៩៥.៩៥ របស់ខ្លួន​ត្រឹមឆ្នាំ ២០២៥។

សូមអរគុណ! 

Phnom Penh
Issuing Country 

Last updated: August 12, 2019

Share This Page