សន្និសីទអន្តរជាតិស្តីពីប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភ

Wednesday, January 10, 2018
 International Conference on Sustainable Agricultural Intensification and Nutrition
  • សូមគោរព ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកិសកម្ម រុក្ខាប្រមាញ់ និងនេសាទ
  • សូមគោរព ឯកឧត្តម ង៉ោ ប៊ុនថាន់ សកលវិទ្យាធិការនៃសកលវិទ្យាល័យភូមិន្ទកសិកម្ម
  • សូមគោរពភ្ញៀវកិត្តិយស លោក លោកស្រីជាទីមេត្រី!

សូមថ្លែងអំណរគុណសម្រាប់ឱកាសឡើងថ្លែងសុន្ទរកថាក្នុងពិធីសន្និសីទអន្តរជាតិលើកដំបូងស្តីពីប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភនាពេលនេះ។ ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមជាមួយសិក្ខា​កាមដែលអញ្ជើញពីបណ្តាប្រទេសផ្សេងៗគ្នាចំនួន ១៥ប្រទេស។ ខ្ញុំសូមថ្លែងអំណរគុណដល់មជ្ឈមណ្ឌល​ឧត្តម​ភាពសម្រាប់ប្រពលវប្បកម្មកសិកម្មនិរន្តរភាព និងអាហារូបត្ថម្ភ (CE SAIN) និងសកលវិទ្យាល័យ​ភូមិន្ទកសិកម្មដែលបានរៀបចំនូវព្រឹត្តិការណ៍នេះឡើង។

វាមានសារៈសំខាន់ណាស់ក្នុងការប្រមូលផ្តុំនូវទស្សនៈល្អៗដើម្បីទប់ទល់នឹងបញ្ហានានាដែលពិភពលោក កំពុងប្រឈម។ ការប្រឈមមួយចំនួនដូចជា៖ កំណើនតម្រូវការផលិតកម្មចំណីអាហារ ហានិភ័យនៃការរិច​រឹលផ្នែកបរិស្ថាន និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃថាមវន្តសង្គម បន្តចោទជាបញ្ហាប្រឈមស្មុគស្មាញ​ចំពោះការផ្គត់ផ្គង់ចំណីអាហារសម្រាប់ប្រជាជននៅលើពិភពលោក។

ខ្ញុំពុំមែនជាអ្នកឯកទេសកសិកម្មដូចអ្នកទាំងអស់គ្នានោះទេ។ មានការងារជាច្រើនដែលយើងខ្ញុំត្រូវសិក្សារៀន​សូត្រពីអ្នកទាំងអស់គ្នា។ មូលហេតុមួយដែលទីភ្នាក់ងារជំនួយអាមេរិក USAID ផ្តល់ការគាំទ្រដល់សន្និសីទ​នេះគឺប្រពលវប្បកម្មនិរន្តរភាព គឺជាវិធីសាស្ត្រផលិតកម្មមួយដែលជួយបង្កើនប្រសិទ្ធិភាពធនធាន និងលើក​កម្ពស់ផលិតភាពកសិកម្មដោយមិនប៉ះពាល់ដល់គុណភាព និង ការផ្គត់ផ្គង់ទឹករបស់យើង។ លើសពីនេះ ប្រពលវប្បកម្មនិរន្តរភាពមានសក្តានុពលក្នុងការបង្កើនផលិតកម្មចំណីអាហារដែលមានសុវត្ថិភាព ខណៈវា​ជួយធ្វើឲ្យប្រសើរឡើងនូវភាពធន់ទ្រាំរបស់កសិករតូចតាចតាមរយៈការជម្រុញការប្រើប្រាស់បច្ចេកវិទ្យាបរិយាកាសវៃឆ្លាត និងការបង្កើនប្រាក់ចំណូល។

ទីភ្នាក់ងារជំនួយអាមេរិក USAID មានមោទនភាពចំពោះភាពជាដៃគូជាមួយសកលវិទ្យាល័យភូមិន្ទកសិកម្ម។ យើងបាន​ចាប់ដៃគូបង្កើតមជ្ឈមណ្ឌល CE SAIN ហើយតាមរយៈឧទ្យានបច្ចេកវិទ្យារបស់ខ្លួន មជ្ឈមណ្ឌលនេះបង្ហាញ​នូវបច្ចេកវិទ្យាប្រពលវប្បកម្មនិរន្តរភាពជាច្រើន ក៏ដូចជាបច្ចេកវិទ្យាមន្ទីរពិសោធន៍នវានុវត្តន៍របស់កម្មវិធីសន្តិ​សុខស្បៀងសម្រាប់អនាគតផងដែរ។ ឧទ្យានបច្ចេកវិទ្យា គឺជាទីកន្លែងសម្រាប់អ្នកស្រាវជ្រាវ អ្នកបណ្តុះ​បណ្តា​លផ្នែក​កសិកម្ម និងវិស័យឯកជនអាចធ្វើឲ្យវិស័យកសិកម្មរបស់កម្ពុជាកាន់តែមានការរីកចម្រើនឡើង​ថែមទៀត។ ខ្ញុំសូមលើកទឹកចិត្តដល់អ្នកទាំងអស់គ្នាដែលមានគម្រោងកំពុងអនុវត្តក្នុងប្រទេសកម្ពុជា ដាក់​បង្ហាញនូវការស្រាវជ្រាវរបស់ខ្លួននៅតាមបណ្តាឧទ្យានបច្ចេកវិទ្យាទាំងនោះ។

អស់រយៈកាលជិត១៥ឆ្នាំហើយដែលសកលវិទ្យាល័យភូមិន្ទកសិកម្ម និងសមាជិកនៃសកលវិទ្យាល័យនៅ​សហ​រដ្ឋអាមេរិកបានចាប់​ផ្តើម​ធ្វើ​ការងារ​រួមគ្នា។ កិច្ចប្រឹងប្រែងរបស់ពួកគេបានចេញជារូបរាងនៃការ​ស្រាវ​ជ្រាវដើម្បី​ឈាន​ទៅកាន់ការគ្រប់គ្រងសត្វល្អិតចង្រៃចម្រុះ ការដោះស្រាយបញ្ហាក្រោយការប្រមូលផល ផលិត​កម្ម​ចំណី​អាហារមានប្រភពពីសាច់សត្វដែលប្រសើរជាងមុន និងមធ្យោបាយកាន់តែប្រសើរក្នុងការ​ផលិត​ស្រូវ​អង្ករ បន្លែបង្ការ និងត្រី។ ភាពជាដៃគូរបស់យើងបានធ្វើឲ្យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ​សម្រាប់​កសិករ​​កម្ពុជា និងគ្រួសាររបស់ពួកគេមានភាពប្រសើរឡើង។ មូលហេតុនេះហើយយើងខ្ញុំចង់ឃើញ​ភាពជាដៃគូឲ្យ​កាន់តែរឹងមាំថែមទៀតរវាងសកលវិទ្យាល័យភូមិន្ទកសិកម្ម ជាមួយសកលវិទ្យាល័យដ៏ទៃទៀតរបស់កម្ពុជា។

ខ្ញុំក៏សូមអបអរសាទរដល់សកលវិទ្យាល័យភូមិន្ទកសិកម្ម មិនចំពោះតែមន្ទីរពិសោធន៍ ឬបន្ទប់ស្រាវជ្រាវនោះ​ទេ ប៉ុន្តែក៏ចំពោះការចេញទៅកាន់មូលដ្ឋានផ្ទាល់ដើម្បីនាំឲ្យមានការប្រែប្រួលពិតប្រាកដមួយក្នុងជីវិតកសិករ​កម្ពុជា។ បច្ចុប្បន្ន កសិករជាច្រើនកំពុងបង្កើនចំណូលរបស់ខ្លួនដោយការការលក់នូវបន្លែដែលពួកគេប្រើ​ប្រាស់បច្ចេកទេសដែលអ្នកទាំងអស់គ្នាបានបង្កើត និងចម្រុញការប្រើប្រាស់។ ជាឧទាហរណ៍ ការស្រាវជ្រាវ​វិធីសាស្ត្រគ្រប់គ្រងសត្វល្អិតចង្រៃចម្រុះ និងការធ្វើស្រែ​ បានបង្កើនប្រាក់ចំណូលដល់កសិករក្នុង​ចន្លោះពី ១៥០​ដុល្លារ ដល់ ២០០ដុល្លារក្នុងមួយឆ្នាំ។ ប្រាក់ចំណូលបន្ថែមនេះអនុញ្ញាតឲ្យពួកគេទិញសៀវភៅ និង​សម្លៀកបំពាក់សម្រាប់កូនៗរបស់ពួកគេ ផ្តល់នូវការថែទាំវេជ្ជសាស្ត្រ និងអាចឲ្យពួកគេវិនិយោគបន្ថែមទៀត​ក្នុង​ការងារស្រែចំការរបស់ខ្លួន។

ខ្ញុំមានសេចក្តីរំភើបដែលឯកឧត្តម លោក លោកស្រីនឹងទៅធ្វើទស្សនកិច្ចនៅឧទ្យានបច្ចេកវិទ្យាក្នុងខេត្តកំពង់​ធំ និងខេត្តសៀមរាប ដែលនៅទីនោះអ្នកនឹងបានឃើញនូវបច្ចេកវិទ្យាទាំងឡាយដែលបង្កើតឡើងដោយមន្ទីរ​ពិសោធន៍នវានុវត្តន៍នានា។ លើសពីនេះ អ្នកនឹងបានឃើញនូវរបៀបសិស្សវិទ្យាល័យសិក្សាពីការស្រាវជ្រាវ​កសិ​កម្ម និងចាប់ផ្តើមកសាងអាជីពការងារក្នុងវិស័យកសិកម្ម។ ប្រទេសកម្ពុជាមានប្រជាជនវ័យក្មេងច្រើន ហើយប្រសិនបើប្រទេសនេះបន្តលូតលាស់ យុវជនកម្ពុជាត្រូវការចាំបាច់បន្ថែមទៀតនូវការបណ្តុះបណ្តាល​ដើម្បីចូលទៅកាន់ទីផ្សារការងារ និងដើម្បិប្រែក្លាយគំនិតរបស់ពួកគេទៅជាការពិត។ ដើម្បីធ្វើដូច្នេះបាន យើង​ចាំបាច់ត្រូវមានខ្លឹមសារសិក្សា និងថ្នាក់រៀនទំនើប ដែលអាចផ្តល់ដល់ប្រជាជនវ័យក្មេងទាំងនោះនូវ​ឧបករណ៍ដែលពួកគេត្រូវការដើម្បីនាំមកនូវគំនិតថ្មី និងជម្រុញវិស័យកសិកម្មមួយដែលមានការវិវត្តន៍​ជា​លំដាប់។ មជ្ឈមណ្ឌល CE SAIN អនុវត្តដូច្នេះតាមរយៈការផ្តល់អាហារូបករណ៍ដល់សិស្សវិទ្យាល័យអាចបន្ត​ឧត្តមសិក្សារបស់ខ្លួននៅសកលវិទ្យាល័យភូមិន្ទកសិកម្ម ដើម្បីឲ្យពួកគេអាចជួយដល់ខេត្តរបស់ខ្លួនវិញនៅថ្ងៃ​ណា​មួយ។

សន្នីសិទរយៈពេលពីរថ្ងៃនេះ មិនមែនគ្រាន់តែជាកាលានុវត្តភាពសម្រាប់សិក្សាពីវិសាលភាពនៃការស្រាវជ្រាវ​ដែលអនុវត្តនៅទីនេះដោយសកលវិទ្យាល័យភូមិន្ទកសិកម្ម និងមជ្ឈមណ្ឌល CE SAIN នោះទេ ប៉ុន្តែក៏ជា​ឱកាសសិក្សារៀនសូត្រពីអ្នកទាំងអស់គ្នាដែលមកពីទ្វីបផ្សេងៗគ្នា និងប្រព័ន្ធកសិកម្មផ្សេងគ្នា។ យើងសង្ឃឹម​ថាកិច្ចពិភាក្សា បទបង្ហាញ និងការចុះទៅកាន់ទីតាំងអនុវត្តនឹងជួយឲ្យអ្នកបានយល់ពីវិធីសាស្ត្រដែលអា​ច​ច្របាច់​បញ្ចូលក្នុងបច្ចេកវិទ្យាប្រពលវប្បកម្មនិរន្តរភាព ដើម្បីធ្វើឲ្យប្រសើរឡើងនូវសន្តិសុខស្បៀង ជាពិសេស​ជួយដល់កសិករខ្នាតតូច។

សូមថ្លែងអំណរគុណចំពោះការមកជួបជុំនៅទីនេះ។ យើងខ្ញុំមានការប្តេជ្ញាចិត្តក្នុងការបំពេញការងារជាមួយ​អ្នក និងផ្តល់កិច្ចគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អ្នកដើម្បីបង្រឹងវិស័យកសិកម្ម សន្តិសុខស្បៀង និង​អាហារូបត្ថម្ភ។ ខ្ញុំមានមោទនភាពចំពោះអ្វីដែលយើងបានបំពេញរួមគ្នាកន្លងមក ហើយខ្ញុំទន្ទឹងរង់ចាំមើលនូវ​សមិទ្ធិផលច្រើនបន្ថែមទៀតនាពេលអនាគត៕

សូមអរគុណច្រើន! 

Royal University of Agriculture
Issuing Country 

Last updated: January 11, 2018

Share This Page