ការវិភាគស្ថានភាពនៃសេវាអប់រំសម្រាប់កុមារមានពិការភាពនៅព្រះរាជាណាចក្រកម្ពុជា

Monday, February 5, 2018
  • សូមគោព ឯកឧត្តម ពុត សាមិត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំនៃក្រសួងអប់រំ យុវជន និងកីឡា
  • ភ្ញៀវកិត្តិយសទាំងអស់ជាទីគោរព

អរុណសួស្តី!

ខ្ញុំសូមថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ លោក លោកស្រីនិងភ្ញៀវកិត្តយស​ទាំងអស់ដែលបានអញ្ជើញ​មកចូលរួមក្នុងសិក្ខាសាលាស្តីពី​ការវិភាគស្ថានភាពនៃសេវាអប់រំ​សម្រាប់កុមារមានពិការភាពនៅព្រះរាជាណាចក្រកម្ពុជានាថ្ងៃនេះ។

ទីភ្នាក់ងារជំនួយអាមេរិក USAID ប្តេជ្ញាក្នុងការផ្តល់ដល់កុមារទាំងអស់នៅជុំវិញពិភព​លោក​​ឲ្យទទួលបាននូវ​សេវា​អប់រំ​ប្រកប​ដោយ​គុណភាព ដោយមិនគិតពីពិការភាព ឋានៈសង្គម​របស់​ពួកគេឡើយ។ នៅក្នុងប្រទេសកម្ពុជា យើងបានដាក់បញ្ចូលនូវការអប់រំប្រកបដោយបរិយាបណ្ណ​ជា​​ផ្នែក​​មួយ​​នៃកិច្ចគាំទ្រដ៏ទូលំទូលាយរបស់យើងចំពោះក្រសួងអប់រំ យុវជន និងកីឡា ដោយ​ផ្តោតលើអំណានថ្នាក់ដំបូងតាមរយៈគម្រោងកុមារទាំងអស់អាន។

យើងជឿជាក់យ៉ាងមុតមាំថាសិទ្ធិទទួលបានការអប់រំប្រកបដោយបរិយាបណ្ណសម្រាប់ជនដែលមានពិការភាព គឺជាសិទ្ធិជាមូលដ្ឋានរបស់មនុស្ស។ លោក Desmond Tutu បានមាន​ប្រសាសន៍​ថា៖ “ការអប់រំប្រកបដោយបរិយាបណ្ណ និងមានគុណភាពល្អ គឺជាមូលដ្ឋានគ្រឹះរបស់​សង្គមមួយដែលប្រកបដោយថាមពល និងសមភាព”។ ប្រសិនបើសិទ្ធិទទួលបានការអប់រំ​សម្រាប់ទាំងអស់គ្នាក្លាយជាការពិត យើងចាំបាច់ត្រូវធានាថាអ្នកសិក្សាគ្រប់រូបទទួលបាននូវ​សេវា​អប់រំ​ប្រកបដោយគុណភាព ដែលបំពេញនូវតម្រូវការការសិក្សាមូលដ្ឋាន និងធ្វើឲ្យជីវិត​ពួក​គេប្រសើរឡើង ដោយមិនគិតថាពួកគេមានកាយ​សម្បទាមិនគ្រប់គ្រាន់ ឬខ្សោយបញ្ញានោះ​ឡើយ។

គួរឲ្យសោកស្តាយ កុមារដែលមានពិការភាពជាច្រើនលាននាក់នៅជុំវិញពិភពលោកបន្ត​ត្រូវ​បានគេមិនរាប់បញ្ចូលក្នុងសិទ្ធិទទួលបានសេវាអប់រំ។ ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ យោងតាមស្ថិតិប្រជាសាស្ត្រ និងសុខាភិបាលឆ្នាំ ២០១៤ បានបង្ហាញថា ៥៧%នៃកុមារកម្ពុជា​ដែលមានពិការភាពមិនបានចូលសាលារៀន។ មានកុមារមួយចំនួនដែលមានពិការភាពតិចតួច និងមធ្យមបានចូលសាលារៀន តែមិនទទួលបាននូវការគាំទ្រដើម្បីឲ្យពួកគេបំពេញបាននូវសក្តា​នុ​ពលពេញលេញរបស់ខ្លួននៅឡើយ។

នៅកម្ពុជា ទីភ្នាក់ងារជំនួយអាមេរិក USAID ស្វែងរកការធ្វើឲ្យប្រសើរឡើងនូវជំនាញអាន​របស់​​កុមារ​នៅថ្នាក់ទីមួយដល់ថ្នាក់ទីបីដោយរាប់បញ្ចូលទាំងកុមារដែលមានពិការភាពផងដែរ។ ដើម្បីសម្រេចបាននូវគោលដៅនេះ យើងបានស្នើសុំ RTI ដើម្បីធ្វើការជាមួយដៃគូនានាដើម្បីវិភាគ​លើស្ថានភាពកុមារមានពិការភាពនៅកម្ពុជា។ ការវិភាគបានផ្តល់នូវអនុសាសន៍មួយចំនួនដែលនឹង​លើកយកមកពិភាក្សានាថ្ងៃនេះ។

ឯកឧត្តម លោកជំទាវ លោក លោកស្រីនិងភ្ញៀវកិត្តយសជាទីមេត្រី! យើងមានឱកាសដ៏គួរ​ឲ្យរំភើបមួយដើម្បីស្វែងយល់យ៉ាងច្បាស់អំពីស្ថានភាពនៃការអប់រំប្រកបដោយបរិយាបណ្ណនៅ កម្ពុជា។ ខ្ញុំជឿជាក់ថាកិច្ចពិភាក្សាថ្ងៃនេះនឹងដើរតួជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងនូវកិច្ចអន្តរា​គមន៍រឹងមាំដើម្បីលើកកម្ពស់វិស័យអប់រំសម្រាប់កុមារកម្ពុជាដែលមានពិការភាព។

ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រុមការងារ RTI និងដៃគូទាំងអស់ដែលបានដឹកនាំ និងចូល​រួម​ចំណែកចំពោះការសិក្សាដ៏មានសារៈសំខាន់នេះ និងរៀបចំអង្គសិក្ខាសាលានេះឡើង។ សូម​ថ្លែងអំណរគុណជាពិសេសចំពោះនាយកដ្ឋានអប់រំពិសេស និងអង្គការជនពិការកម្ពុជាសម្រាប់កិច្ច​ខិតខំប្រឹងប្រែង និងការចូលរួមជាក្រុមបង្គោលនៃការអនុវត្តនូវការវិភាគនេះ។

ខ្ញុំជឿជាក់យ៉ាងមុតមាំថាយើងអាចធ្វើការរួមគ្នាដើម្បីនាំមកនូវការផ្លាស់ប្តូរក្នុងវិស័យអប់រំ ប្រកបដោយបរិយាបណ្ណនៅកម្ពុជា។ ទីភ្នាក់ងារជំនួយអាមេរិក USAID ទន្ទឹងរង់ចាំបន្តភាពជាដៃគូ​ជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីគាំត្រកុមារទាំងអស់បង្កើនជំនាញអានរបស់ខ្លួន។

ខ្ញុំជូនពរឲ្យកិច្ចពិភាក្សានេះទទួលបាននូវលទ្ធផលជាផ្លែផ្កា!

សូមអរគុណ! 

Issuing Country 

Last updated: April 25, 2018

Share This Page