ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលលើជំនាញទន់

Wednesday, February 28, 2018
Closing Ceremony of TOT on Soft Skill Training
  • សូមគោរពលោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា
  • សូមគោរពលោកស្រី Sara Piazzanno នាយកអង្គការ Winrock អន្តរជាតិ
  • សូមគោរពភ្ញៀវកិត្តិយសជាទីមេត្រី!

សូមថ្លែងអំណរគុណសម្រាប់ការអញ្ជើញរូបខ្ញុំមកចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលលើជំនាញទន់នាថ្ងៃនេះ។ វគ្គបណ្តុះបណ្តាលនេះ គឺជាការប្រែប្រួលថ្មីមួយដ៏ពិសេសក្នុងការជម្រុញការប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស។ ខ្ញុំសូមថ្លែងអំណរគុណចំពោះអង្គការ Winrock International និង​បណ្តាញ ព័ត៌មាន BBC Media Action សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងកិច្ចការដ៏មានសារៈសំខាន់នេះ។ យើង​ទាំង​អស់គ្នាមាន​មោទន​ភាព​ចំពោះការងារដែលយើងធ្វើ ដើម្បីទប់ស្កាត់ ការពារ និង​ការ​ផ្តន្ទាទោស​នូវ​ឧក្រិដ្ឋ​កម្ម​ឆ្ល​ងដែនដ៏​ធ្ងន់ធ្ង​រ​​​នេះ។

ក្រោមគម្រោងប្រយុទ្ធប្រឆាំងការជួញដុរមនុស្សនៅកម្ពុជារបស់ទីផ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ អង្គការ Winrock អន្តរជាតិបានចាប់ដៃគូរជាមួយបណ្តាញព័ត៌មាន BBC Media Action ដើម្បីបង្កើតនូវកម្មវិធីមួយ និងដើម្បីផ្តល់នូវវគ្គបណ្តុះបណ្តាលគ្រូបង្គោលមួយស្តីពីការអភិវឌ្ឍជំនាញទន់។ កម្មវិធីនេះធ្វើឲ្យប្រសើរឡើងនូវជំនាញរបស់កម្មករដែលមានការអប់រំមានកម្រិត ដើម្បីឲ្យពួកគេអាចស្វែងរក​ទីផ្សារការងារបានកាន់តែជោគជ័យ មានជម្រើសការងារកាន់តែប្រសើរ  បង្កើនសមត្ថភាពប្រាស្រ័យទាក់​ទង​របស់ពួកគេ និងកសាងជំនឿចិត្តរបស់ពួកគេ។ នេះគឺជាផ្នែកមួយដ៏មានសារៈសំខាន់នៃកិច្ចប្រឹងប្រែងរួមរបស់​យើង​ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។

ការជួញដូរមនុស្ស គឺជាការប្រឈមសកលមួយផ្នែកសិទ្ធិមនុស្ស ។ វាប៉ះពាល់ដល់ជនងាយរង​គ្រោះ វាធ្វើឲ្យខូចខាតដល់នីតិរដ្ឋ និងខូចដល់ពាណិជ្ជកម្មសកល។ ប្រហែលជាពុំមានការប្រឈមណាធំជាង​ឧក្រិដ្ឋ​កម្មជួញដូរមនុស្សឆ្លងដែន ដែលជះឥទ្ធិពលលើមនុស្សរាប់លាននាក់ជារៀងរាល់ឆ្នាំនៅលើ​សកល​លោក​​​នោះទេ ដែលក្នុងនោះក៏មានប្រទេសកម្ពុជាដែរ។

រដ្ឋាភិបាលសហរដ្ឋអាមេរិកយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដោយ​សារ​ថាវាមិនត្រឹមតែប៉ះពាល់ចំពោះបុគ្គលរងគ្រោះ និងក្រុមគ្រួសាររបស់គេប៉ុណ្ណោះទេ ប៉ុន្តែវាក៏​ប៉ះពាល់ដល់​សហគមន៍របស់ពួកគេ ក៏ដូចជាប្រទេសទាំងមូល ដោយមិនខ្វល់អំពីទីតាំង និងកម្រិតនៃការអភិវឌ្ឍសេដ្ឋ​កិច្ចនោះឡើយ។ តាមរយៈបទពិសោធន៍ពីជុំវិញពិភពលោក កិច្ចសហការរឹងមាំរវាងរដ្ឋាភិបាល អង្គការ​សង្គមស៊ីវិល និងវិស័យឯកជន គឺមានសារៈសំខាន់ក្នុងការទប់ស្កាត់ការជួញដូរមនុស្ស។ រាជរដ្ឋាភិបាល​កម្ពុជាក៏មានសេចក្តីព្រួយបារម្ភដូចសហរដ្ឋអាមេរិកដែរ ហើយគណៈកម្មការជាតិប្រយុទ្ធប្រឆាំងការជួញដូរ​មនុស្សបានបង្ហាញនូវភាពជាអ្នកដឹកនាំ និងកិច្ចសហការចាំបាច់នានា ដើម្បីកសាងនូវវឌ្ឍនភាពពិត​ប្រាកដ​ក្នុង​ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ យើងសូមថ្លែងអំណរគុណជាពិសេសចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការបណ្តុះបណ្តាលនូវជំនាញទន់នេះ។

រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ​និង​ ទីភ្នាក់ងារដ៏ទៃផ្សេងទៀត គឺជាអ្នកផ្តល់ជំនួយធំមួយក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ ចន្លោះឆ្នាំ ២០០១ ដល់ ២០១០ ទីភ្នាក់ងារ USAID បានចំណាយថវិកាប្រមាណ ១៦៣លានដុល្លារ នៅបណ្តាប្រទេស​​​ចំនួន ៦៣ ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ ចន្លោះពីឆ្នាំ ២០០២ ដល់បច្ចុប្បន្ន ទីភ្នាក់ងារសហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ប្រចាំ​នៅកម្ពុជាបានចំណាយទឹកប្រាក់ជិត ២០លានដុល្លារ ដើម្បី​ប្រយុទ្ធ​​ប្រឆាំង​ការជួញដូរមនុស្សនៅកម្ពុជា។   យើងគាំទ្រចំពោះសសរស្តម្ភជាយុទ្ធសាស្ត្រាទាំងបួននៃការ​ឆ្លើយ​តប​​ចំពោះ​ការជួញដូរមនុស្សដែលក្នុងនោះរួមមាន៖ ការទប់ស្កាត់ ការការពារ ការផ្តន្ទាទោស និង​ភាពជាដៃគូ។ ក្នុងខែ តុលា ឆ្នាំ២០១៥ យើងបានប្រគល់គម្រោងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស​នៅ​​កម្ពុជាសម្រាប់រយៈពេលបួនឆ្នាំទៅឲ្យអង្គការ Winrock អន្តរជាតិ។  គម្រោងនេះមានគោលបំណង​ដោះស្រាយ​បញ្ហាជាឬសគល់នៃការជួញដូរមនុស្ស។ គម្រោងនេះការពារ និងជួយដល់ជនដែលរងគ្រោះ​ដោយ​​អំពើជួញដូរ ពង្រឹងរចនាសម្ព័ន្ធអភិបាលកិច្ចមូលដ្ឋាន ដើម្បីដោះស្រាយនូវឧក្រិដ្ឋកម្មទាំងនេះ ព្រមទាំង​ជម្រុញ​ការផ្តន្ទាទោស។ យើងខ្ញុំសង្ឈឹមថា ជីវភាពប្រសើរឡើងនៅក្នុងស្រុកនឹងជួយទប់ស្កាត់ពួកគេ​ពី​ការ​ធ្វើដំណើរទៅ​ទីឆ្ងាយ និងធ្លាក់ចូលក្នុងកន្លែងគ្រោះថ្នាក់ ដើម្បីចិញ្ចឹមគ្រួសាររបស់ពួកគេ។

ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ពុំមែនសំដៅតែការចាប់អ្នកប្រព្រឹត្តិមកផ្តន្ទាទោសប៉ុណ្ណោះទេ ប៉ុន្តែ​ក៏សំដៅដល់ការទប់ស្កាត់ជនងាយរងគ្រោះកុំឲ្យក្លាយខ្លួនជាជនរងគ្រោះផងដែរ។ ការធានាថាជនដែលអាច​ក្លាយ​ខ្លួនជាជនរងគ្រោះមានជំនាញ និងទទួលបាននូវឱកាសការងារ គឺជាមធ្យោបាយល្អបំផុតក្នុងការទប់ស្កាត់ពួកគេ​មិន​ឲ្យប្រថុយប្រថាននឹងការធ្វើចំណាកស្រុកគ្មានសុវត្ថិភាព ដែលនឹងបណ្តាលឲ្យពួកគេធ្លាក់ក្នុងទាសភាព។ ជាក់ស្តែង ដោយមានកិច្ចសហការជាមួយវិទ្យាស្ថានបើកទូលាយ យើងបានគាំទ្រឲ្យមានការបង្កើតនូវនវានុវត្ត​មួយ​ឈ្មោះហៅថា បងភ័ក្ត្រ ។ បងភ័ក្ត្រ គឺជាសេវាស្វែងរកការងារធ្វើតាមប្រព័ន្ធអ៊ីនធើណែតដំបូងគេបង្អស់នៅ​កម្ពុជា សម្រាប់កម្មករដែលមិនមានជំនាញ ឬមានជំនាញតិចតួច ដូចជាកម្មករសំណង់ កម្មកររោងចក្រ អ្នក​បម្រើ​សេវា​បដិសណ្ឋារកិច្ច និងសន្តិសុខជាដើម។ បងភ័ក្ត្រ កំពុងជួយកម្មករទាំងឡាយឲ្យទទួលបាននូវការងារ​ប្រកប​ដោយ​សុវត្ថិភាពនៅក្នុងប្រទេសកម្ពុជា ជៀសជាងការស្វែងរកការងារធ្វើនៅក្រៅប្រទេសដោយមធ្យោ​បាយ​ខុសច្បាប់ និងអសុវត្ថិភាព។

ជាទីបញ្ចប់ ខ្ញុំសូមកោតសរសើរជាថ្មីម្តងទៀតនូវវឌ្ឍនភាពដែលរាជរដ្ឋាភិបាលកម្ពុជា និងដៃគូរបស់ខ្លួន​សម្រេចបានក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សក្នុងគ្រប់រូបភាព។ ដូចដែលអ្នកទាំងអស់គ្នាភាគច្រើនបាន​ជ្រាប​ហើយថា ក្នុងឆ្នាំនេះប្រទេសកម្ពុជានៅតែរក្សាចំណាត់ថ្នាក់ទី២របស់ខ្លួន​នៅ​ក្នុង​​របាយការណ៍​ប្រចាំឆ្នាំស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្សរបស់ក្រសួងការបរទេសអាមេរិក។ មាន​ន័យថាប្រទេសកម្ពុជាបាន​បង្ហាញនូវកិច្ចខិតខំប្រឹងប្រែងគួរឲ្យកត់សម្គាល់ ស្របតាមស្តង់ដាអប្បបរិមានៃការ​ប្រយុទ្ធប្រឆាំងការជួញ​ដូរ​មនុស្ស។ យើងខ្ញុំមានការប្តេជ្ញាចិត្តក្នុងការបំពេញការងារយ៉ាងជិតស្និទ្ធជាមួយ​រាជ​រដ្ឋាភិបាលលើកិច្ចការ​ប្រឈម​ដ៏សំខាន់នេះក្នុងពេលខាងមុខ។ យើងសង្ឈឹមថា នៅថ្ងៃណាមួយប្រជា​ជនកម្ពុជាអាចធ្វើ​ទេសន្តរ​ប្រវេសន៍​ទៅរកការងារធ្វើដែលប្រសើរជាងមុនប្រកបដោយសុវត្ថិភាព និងស្រប​ច្បាប់ ហើយអាចបំពេញ​ការងារ និងរស់នៅក្នុងភាពថ្លៃថ្នូដោយពុំភ័យបារម្ភអំពីការជួញដូរ។

សូមអរគុណច្រើន!

Phnom Penh
Issuing Country 

Last updated: April 25, 2018

Share This Page