វេទិកាកសិកម្មឌីជីថល

Wednesday, December 6, 2017
Digital Agriculture Forum
វេទិកាកសិកម្មឌីជីថល

អរុណសួស្តី!

សូមថ្លែងអំណរគុណដែលបានចូលរួមជាមួយយើងខ្ញុំនាថ្ងៃនេះក្នុងវេទិកាកសិកម្មឌីជីថល ដែលរៀបចំ​ឡើង​​ដោយ​ក្រុម Digital Development for Feed the Future នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការ​អភិ​វឌ្ឍ​អន្តរជាតិ (USAID)។

ខ្ញុំមានក្តីរីករាយដែលលោកលោកស្រីបានផ្តល់អាទិភាពចំបងមកចូលរួមក្នុងព្រឹត្តិការណ៍នេះ បើទោះបីជា​មាន​កិច្ច​ការ​មមាញឹកយ៉ាងណាក៏ដោយ។ ខ្ញុំមានជំនឿថាយើងនឹងទទួលបានផលប្រយោជន៍ពីបទពិសោធន៍​របស់​អ្នកទាំងអស់គ្នា ហើយយើងនឹងរៀនសូត្ររួមគ្នាបន្ថែមទៀតអំពីវិធីសាស្ត្រនៃការប្រើប្រាស់យុទ្ធសាស្ត្រ និងឧបករណ៍ឌីជីថលក្នុងកម្មវិធី និងស្ថាប័នរបស់អ្នកទាំងអស់គ្នា។

យើងទាំងអស់គ្នាកំពុងរស់នៅក្នុងពិភពលោកមួយដែលមានបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍កំពុង​មាន​ការរីកលូតលាស់ក្នុងកម្រិតមួយដែលមិនអាចប៉ាន់ស្មានបាន។ នៅពេលដែលខ្ញុំដាក់ពាក្យចូល​បំពេញ​ការងារនៅទីភ្នាក់ងារជំនួយអាមេរិក USAID (ក្នុងសតវត្សរ៍នេះ!) ខ្ញុំត្រូវផ្ញើរពាក្យសុំការងារធ្វើរបស់ខ្ញុំតាមទូរសារ។ បច្ចុប្ប​ន្ន​នេះ វាហាក់ដូចជាហួសសម័យហើយដូចជាការផ្ញើរទូរលេខមួយជាដើម។ ខ្ញុំជឿជាក់ថាមានកម្មវិធី​មួយ​ដែលយើងអាចប្រើប្រាស់បានសម្រាប់គោលបំណងបែបនោះ។ បច្ចុប្បន្ន តាមរយៈទូរស័ព្ទឆ្លាតវៃ ពិភព​លោកស្ថិតនៅក្នុងហោប៉ៅរបស់យើង យើងអាចតាមដាននូវផលិតផលនានានៅលើទីផ្សារតាមរយៈប្រព័ន្ធ GPS ដែលដំណើរការដោយផ្កាយរណប និងកម្មវិធីចុងក្រោយទាំងឡាយដែលជួយសម្រួលដល់​យើង​ក្នុង​ការគ្រប់គ្រងប្រាក់កាស តាមដានសុខភាពរបស់យើង ព្រមទាំងអាចទទួលបាននូវព័ត៌មានសំខាន់ៗ​មួយ​ចំនួនទៀតផងដែរ។ ឧបករណ៍ទាំងនេះកំពុងត្រួសត្រាយផ្លូវរបស់យើងឆ្ពោះទៅកាន់នាវនុវត្តន៍​ថ្មី​ស្រឡាង​មួយដែលមានគោលដៅដោះស្រាយបញ្ហាប្រឈមក្នុងការអភិវឌ្ឍសំខាន់ៗនានា។ ហើយនេះជាការពិត​សម្រាប់គ្រប់វិស័យទាំងអស់ រួមទាំងវិស័យកសិកម្ម។ វាជាពេលវេលាមួយដ៏គួរឲ្យរំភើប។

ពីមុន ការវិនិយោគលើធនធានឌីជីថលត្រូវបានគេចាត់ទុកថាជាបញ្ហាផ្សេងមួយដោយឡែកពីការអភិវឌ្ឍ។ ប៉ុន្តែ មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចឌីជីថល គឺមានសារៈសំខាន់ចំពោះភាពជោគជួយនៃផ្លែផ្កាដែលចេញ​ពីការ​អភិវឌ្ឍទាំងអស់ ហើយវាគួរត្រូវបានចាត់ទុកជាផ្នែកមួយនៃវិធីសាស្ត្រដែលយើងឈានទៅសម្រេច​គោល​ដៅ​អភិវឌ្ឍរបស់យើង។

ដូច្នេះ មូលហេតុអ្វីដែលយើងជួបជុំគ្នាថ្ងៃនេះ?

ទីមួយ យើងសង្ឃឹមថាព្រឹត្តិការណ៍ថ្ងៃនេះនឹងជាទីកន្លែងមួយសម្រាប់អ្នកទាំងអស់គ្នាធ្វើការចែករំលែកនូវ​បទពិសោធន៍ក្នុងការប្រើប្រាស់យុទ្ធសាស្ត្រ និងឧបករណ៍ឌីជីថលក្នុងសកម្មភាពគម្រោង Feed the Future ។ តើវិធីសាស្ត្រណាខ្លះដែលដំណើរការល្អប្រសើរសម្រាប់អ្នក? តើអ្នកកំពុងជួបប្រទះនូវឧបសគ្គ​អ្វី​ខ្លះ​? តើយើងគួរធ្វើការយ៉ាងដូចម្តេចខ្លះដើម្បីរួមគ្នាដោះស្រាយនូវឧបសគ្គទាំងនោះ? បច្ចេកវិទ្យាអាច​ដំណើរ​ការ​ល្អប្រសើរទៅបាន ប្រសិនបើវាត្រូវបានប្រើប្រាស់ និងបម្រើដល់តម្រូវការមួយ។ ធាតុចូលរបស់​អ្ន​ក​ទាំងអស់គ្នា គឺមានសារៈសំខាន់ក្នុងការធ្វើឲ្យប្រសើរ និងសម្របទៅនឹងឧបករណ៍ដែលយើងមាន។

ទីពីរ យើងក៏នឹងផ្តល់ដល់អ្នកទាំងអស់គ្នានូវភស្តុតាងដែលបង្ហាញពីឥទ្ធិពលនៃវិធីសាស្ត្រ និងឧបករណ៍​ឌីជីថល​ក្នុងកម្មវិធីកសិកម្មផងដែរ។ មានភស្តុតាងរឹងមាំជាធរមានមួយពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍​ឌីជីថល​ក្នុងវិស័យ​កសិកម្ម ប៉ុន្តែចំណែកខ្វះខាតមួយចំនួន។ យើងសង្ឍឹមថាតាមរយៈកិច្ចសន្ទនារបស់​អ្នក​ទាំងអស់គ្នាថ្ងៃនេះ យើងនឹងអាចកំណត់បាននូវភស្តុតាងថ្មីដែលអាចបំពេញនូវចំណុចខ្វះខាតទាំងនោះ។

មានមធ្យោបាយមួយចំនួនដែលកាលានុវត្តភាពឌីជីថលអាចគាំទ្រដល់គោលដៅរបស់យើងក្នុងវិស័យកសិកម្ម។ សូមអនុញ្ញាតឲ្យខ្ញុំបានចែករំលែកនូវចំនុចមួយចំនួនដូចខាងក្រោម។

ដោយឈរលើភាពរីកចម្រើនដ៏មិនគួរឲ្យជឿនៃអាត្រាប្រើប្រាស់ទូរស័ព្ទចល័តនៅតាមបណ្តាប្រទេស ដែល​ពឹងផ្អែកលើវិស័យកសិកម្មជាគន្លឹះនៅជុំវិញពិភពលោក សេវាហិរញ្ញវត្ថុបែបឌីជីថលអាចជួយបំពេញនូវ​តម្រូវ​​ការ​ហិរញ្ញវត្ថុរបស់ប្រជាជន ដែលតាមការប៉ាស្មានមានចំនួនប្រមាណ ៤០០ពាន់លានដុល្លារអាមេរិក។

ការវិភាគទិន្នន័យជាក់ស្តែងអាចជួយដោះស្រាយការប្រឈមធំៗមួយចំនួនក្នុងវិស័យកសិកម្មបានដោយ រាប់ចាប់ពីការតាមដានជម្ងឺ និងសត្វល្អិតរហូតដល់ការផ្តល់ព័ត៌មានអំពីបច្ចុប្បន្នភាពអាកាសធាតុក្នុងស្រុក។

ការវិភាគទិន្នន័យ និងព័ត៌មានភូមិសាស្ត្រផ្តល់ឲ្យយើងនូវកាលានុវត្តភាពថ្មីៗ ដើម្បីកំណត់ទីតាំង និងស្វែង​យល់​អំពីសហគមន៍នានាដែលយើងកំពុងបម្រើការ។

ការផ្តល់នូវព័ត៌មានបន្ថែមស្តីពីវិស័យកសិកម្មពីលើវីធីសាស្ត្រឌីជីថលអាចដោះស្រាយបាននូវគម្លាតព័ត៌មានដ៏ធំដែលកសិករមានផ្ទៃដីដាំដុះតូចតាចកំពុងតែបន្តជួបប្រទះយ៉ាងមានប្រសិទ្ធិភាព។

ទាំងនេះគ្រាន់តែជាដំណោះស្រាយមួយចំនួនប៉ុណ្ណោះ តែខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នានឹងអាចស្វែងរក​ដំណោះ​ស្រាយជាច្រើនបន្ថែមទៀត។

យើងទទួលស្គាល់ថាបច្ចេកវិទ្យាឌីជីថលអាចបង្កើនល្បឿននៃការឈនទៅសម្រេចគោលដៅអភិវឌ្ឍរបស់យើងក្នុងវិស័យកសិកម្ម ក៏ដូចជាវិស័យផ្សេងទៀតដែលស្ថិតក្នុងវិស័យវិនិយោគរបស់យើងបាន រួមទាំងវិស័យ​សុខាភិបាល និងអប់រំ។ ក្នុងពេលជាមួយគ្នានេះ យើងក៏ទទួលស្គាល់ថានៅមានការប្រឈមជា​ច្រើន​នៅ​ឡើយ ជាពិសេសនៅតាមតំបន់ជនបទ ហើយដែលអ្នកពាក់ព័ន្ធនានាដែលមានវត្តមាន​នៅទីនេះកំពុង​តែ​គិត​គូរស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមទាំងនេះ។ យើងទន្ទឹងរង់ចាំបំពេញការងារជាមួយអ្នក​ទាំងអស់គ្នាទាំងបច្ចុប្បន្ន និងអនាគត ដើម្បីលើកកម្ពស់វិធីសាស្ត្រ និងឧបករណ៍ឌីជីថលដើម្បីគាំទ្រដល់​គោលដៅនៃគម្រោង Feed the Future របស់យើង។

ជាទីបញ្ចប់ ខ្ញុំសូមឆ្លៀតឱកាសនេះប្រកាសនូវឱកាសទទួលបាននូវមូលនិធិស្រាវជ្រាវថ្មីមួយ ហៅថាគម្រោង​ភាពជាដៃគូសម្រាប់លើកកម្ពស់ការស្រាវេជ្រាវ (Partnerships for Enhanced Research - PEER)។ គម្រោងនេះផ្តល់មូលនិធិដល់អ្នកវិទ្យាសាស្ត្រ និងវិស្វករនានា ដើម្បីកសាងនូវភាពជាដៃគូស្រាវជ្រាវរវាង​អ្នក​ស្រាវ​ជ្រាវ​កម្ពុជា និងអាមេរិក ដើម្បីប្រើប្រាស់ភស្តុតាងសម្រាប់កសាងគោលនយោបាយដើម្បីធ្វើឲ្យ​លទ្ធផលនៃការអភិវឌ្ឍមានភាពប្រសើរឡើង។ សូមកុំមានភាពស្ទាក់ស្ទើរក្នុងការទំនាក់ទំនងមកកាន់​បុគ្គលិក​របស់យើងខ្ញុំសម្រាប់ព័ត៌មានបន្ថែម។ ជាបឋម យើងនឹងផ្តល់មូលនិធិតូចមួយដែលមានទឹកប្រាក់ប្រមាណ ៣០,០០០ដុល្លារអាមេរិកនៅកម្ពុជា ហើយខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាអាចស្គាល់នូវបេក្ខជន​ល្អៗសម្រាប់​គម្រោងនេះ។

យើងខ្ញុំទន្ទឹងរង់ចាំមើលនូវកិច្ចពិភាក្សាដ៏រស់រវើករបស់អ្នកទាំងអស់គ្នាក្នុងថ្ងៃនេះ ព្រមទាំងភាព​ជាដៃគូជា​បន្ត។ សូមមានកិច្ចពិភាក្សាមួយដ៏ល្អប្រសើរ។

សូមអរគុណ។ 

Phnom Penh
Issuing Country 

Last updated: April 25, 2018

Share This Page