សុន្ទរកថា លោក អ៊ូ មករា ប្រធានក្រុមអភិបាលកិច្ច និងនីតិរដ្ឋនៃទីភ្នាក់ងារ USAID សិក្ខាសាលាកិច្ចសហការដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរពលកម្ម

Thursday, August 10, 2017
Remarks by Makara Ou, Governance and Rule of Law Team Leader Office of Democracy and Governance, USAID Cambodia, Collaborative Workshop
សុន្ទរកថា លោក អ៊ូ មករា ប្រធានក្រុមអភិបាលកិច្ច និងនីតិរដ្ឋនៃទីភ្នាក់ងារ USAID សិក្ខាសាលាកិច្ចសហការដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរពលកម្ម
USAID/Ty Chan
  • សូមគោរព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជា​អនុប្រធាន​អចិន្ត្រៃយ៍នៃគណៈកម្មការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស
  •  សូមគោរព លោកជំទាវ ស្រី គឹមឆយ អភិបាលរង ខេត្តកំពង់ចាម
  • សូមគោរព លោក Peter Williams តំណាងអង្គការ IJM
  • សូមគោរពសមាជិកទាំងអស់នៃគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស
  • សូមគោរពភ្ញៀវកិត្តិយសជាទីមេត្រី!

 

ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយដោយបានចូលរួមជាមួយលោកជំទាវ ឯកឧត្តម លោក លោកស្រីទាំងអស់ ក្នុងអង្គសិក្ខាសាលាដ៏មានសារៈសំខាន់នាថ្ងៃនេះ។ អង្គសិក្ខាសាលានេះតំណាងឲ្យ​ឱកាស​តែមួយគត់សម្រាប់ឲ្យយើងទាំងអស់គ្នាធ្វើការពិភាក្សាអំពីជោគជ័យ និងការប្រឈមនានាដែលយើង​កំពុង​តែបន្តជួបប្រទះក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ ខ្ញុំសូមសម្តែងនូវការដឹងគុណ​ចំពោះ​ លោក​​​​​ជំទាវ​ ជូ ប៊ុនអេង ដែលអញ្ជើញពីគណៈកម្មការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និង ​លោកជំទាវ ស្រី គឹមឆយ អភិបាលរង ខេត្តកំពង់ចាម ដែលបានអនុញ្ញាតអោយអង្គសិក្ខាសាលានេះ​លេច​ចេញជារូបរាង​ឡើង​នៅក្នុងទឹកដីខេត្តកំពង់ចាម។​ ខេត្តកំពង់ចាម គឺជាប្រភពគន្លឹះនៃការជួញដូរមនុស្ស​សម្រាប់ធ្វើ​ទេសន្តរ​ប្រវេសន៍ដោយគ្មានសុវត្ថិភាព និងការជួញដូរកម្លាំងពលកម្ម។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំ​សូម​ថ្លែងអំណរ​គុណ​​ដល់អង្គការ Winrock អន្តរជាតិ និងអង្គការ IJM ចំពោះកិច្ចខិតខំប្រឹងប្រែងលើ​កិច្ចការងារ​នេះ។ យើង​ទាំង​អស់គ្នាមានមោទនភាពចំពោះការងារដែលយើងធ្វើ ដើម្បីបង្ការ ការពារ និង​ការ​ផ្តន្ទាទោស​នូវ​ឧក្រិដ្ឋ​កម្ម​ឆ្ល​ងដែនដ៏ធ្ងន់ធ្ងរនេះ។

ការជួញដូរមនុស្ស គឺជាការប្រឈមសកលមួយផ្នែកសិទ្ធិមនុស្ស ។ វាប៉ះពាល់ដល់ជនងាយរង​គ្រោះ វាធ្វើឲ្យខូចខាតដល់នីតិរដ្ឋ និងខូចដល់ពាណិជ្ជកម្មសកល។ ប្រហែលជាពុំមានការប្រឈមណាធំជាង​ឧក្រិដ្ឋ​កម្មជួញដូរមនុស្សឆ្លងដែន ដែលជះឥទ្ធិពលលើមនុស្សរាប់លាននាក់ជារៀងរាល់ឆ្នាំនៅលើ​សកល​លោក​​នោះទេ ដែលក្នុងនោះក៏មានប្រទេសកម្ពុជាដែរ។

រដ្ឋាភិបាលសហរដ្ឋអាមេរិកយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដោយ​សារ​ថាវាមិនត្រឹមតែប៉ះពាល់ចំពោះបុគ្គលរងគ្រោះ និងក្រុមគ្រួសាររបស់គេប៉ុណ្ណោះទេ ប៉ុន្តែវាក៏​ប៉ះពាល់ដល់​សហគមន៍របស់ពួកគេ ក៏ដូចជាប្រទេសទាំងមូល ដោយមិនខ្វល់អំពីទីតាំង និងកម្រិតនៃការអភិវឌ្ឍសេដ្ឋ​កិច្ចនោះឡើយ។ តាមរយៈបទពិសោធន៍ពីជុំវិញពិភពលោក កិច្ចសហការរឹងមាំរវាងរដ្ឋាភិបាល អង្គការ​សង្គមស៊ីវិល និងវិស័យឯកជន គឺមានសារៈសំខាន់ក្នុងការទប់ស្កាត់ការជួញដូរមនុស្ស។ រាជរដ្ឋាភិបាល​កម្ពុជាក៏មានសេចក្តីព្រួយបារម្ភដូចសហរដ្ឋអាមេរិកដែរ ហើយគណៈកម្មការជាតិប្រយុទ្ធប្រឆាំងការជួញដូរ​មនុស្សបានបង្ហាញនូវភាពជាអ្នកដឹកនាំ និងកិច្ចសហការចាំបាច់នានា ដើម្បីកសាងនូវវឌ្ឍនភាពពិត​ប្រាកដ​ក្នុង​ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សុ។

រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) និងទីភ្នាក់ងារដ៏ទៃផ្សេងទៀត គឺជាអ្នកផ្តល់ជំនួយធំមួយក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ ចន្លោះឆ្នាំ ២០០១ ដល់ ២០១០ ទីភ្នាក់ងារ USAID បានចំណាយថវិកាប្រមាណ ១៦៣លានដុល្លារ នៅបណ្តាប្រទេស​ចំនួន ៦៣ ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ យើងគាំទ្រចំពោះសសរស្តម្ភជាយុទ្ធសាស្ត្រាទាំងបួននៃការ​ឆ្លើយតបចំពោះការជួញដូរមនុស្សដែលក្នុងនោះរួមមាន៖ ការបង្ការ ការការពារ ការផ្តន្ទាទោស និងភាពជាដៃគូ។ នៅប្រទេសកម្ពុជា ទីភ្នាក់ងារ​ USAID បានគាំទ្រចំពោះការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សអស់រយៈកាលជាង​មួយទស្សវត្សមកហើយ។ ក្នុងខែ តុលា ឆ្នាំ២០១៥ យើងបានប្រគល់គម្រោងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស​នៅ​​កម្ពុជាសម្រាប់រយៈពេលបួនឆ្នាំទៅឲ្យអង្គការ Winrock អន្តរជាតិ។ គម្រោងនេះមានគោលបំណង​ដោះស្រាយបញ្ហាជាឬសគល់នៃការជួញដូរមនុស្ស។ គម្រោងនេះការពារ និងជួយដល់ជនដែលរងគ្រោះដោយ​អំពើជួញដូរ ពង្រឹងរចនាសម្ព័ន្ធអភិបាលកិច្ចមូលដ្ឋាន ដើម្បីដោះស្រាយនូវឧក្រិដ្ឋកម្មទាំងនេះ ព្រមទាំងជម្រុញ​ការផ្តន្ទាទោស។ យើងខ្ញុំសង្ឈឹមថា ជីវភាពប្រសើរឡើងនៅក្នុងស្រុក នឹងជួយទប់ស្កាត់ពួកគេពីការធ្វើដំណើរទៅ​ទីឆ្ងាយ និងធ្លាក់ចូលក្នុងកន្លែងគ្រោះថ្នាក់ ដើម្បីចិញ្ចឹមគ្រួសាររបស់ពួកគេ។

ថ្ងៃនេះ យើងដោះស្រាយបញ្ហានៃការជួញដូរមនុស្សក្នុងខេត្តកំពង់ចាម តាមរយៈការពង្រឹងកិច្ចសហការ ការចែករំលែកបទពិធន៍ និងការស្វែងរកមធ្យោបាយខុសៗគ្នាដើម្បីប្រយុទ្ធនឹងបញ្ហាដែលយើងកំពុងជួបប្រទះ។ ក្នុងខែ មិថុនា ឆ្នាំនេះ លោកស្រីនាយិកាបេសកកម្មនៃទីភ្នាក់ងារ USAID បានចូលរួមជាមួយ លោកជំទាវ ជូ ប៊ុនអេង ដើម្បីអបអរសាទរដល់គ្រូបង្វឹកនគរបាលដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលមួយដែលសហការ​រៀបចំដោយអង្គការ IJM និងបណ្ឌិតសភានគរបាលកម្ពុជា។ គ្រូបង្វឹកនគរបាលទាំងនោះបានមានឱកាសក្នុង​ការសិក្សាពីវិធីសាស្ត្រទាញយកភស្តុតាងពីសាក្សី ជនរងគ្រោះ និងជនសង្ស័យ។ ទាំងនេះ គឺជាជំនាញដែល​អនុញ្ញាតឲ្យពួកគេកំណត់អត្តសញ្ញាណ និងផ្តន្ទាទោសអ្នកជួញដូរមនុស្ស។

ជាទីបញ្ចប់ ខ្ញុំសូមកោតសរសើរជាថ្មីម្តងទៀតនូវវឌ្ឍនភាពដែលរាជរដ្ឋាភិបាលកម្ពុជា និងដៃគូរបស់ខ្លួន​សម្រេចបានក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សក្នុងគ្រប់រូបភាព។ ដូចដែលលោកជំទាវ ឯកឧត្តម អស់​លោក-លោកស្រីភាគច្រើនបានជ្រាបហើយថា ក្នុងឆ្នាំនេះ ប្រទេសកម្ពុជានៅតែរក្សាចំណាត់ថ្នាក់ទី២របស់ខ្លួន​នៅ​ក្នុង​​របាយការណ៍​ប្រចាំឆ្នាំស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្សរបស់ក្រសួងការបរទេសអាមេរិក មាន​ន័យថាប្រទេសកម្ពុជាបានបង្ហាញនូវកិច្ចខិតខំប្រឹងប្រែងគួរឲ្យកត់សម្គាល់ ស្របតាមស្តង់ដាអប្បបរិមានៃការ​ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ យើងខ្ញុំមានការប្តេជ្ញាចិត្តក្នុងការបំពេញការងារយ៉ាងជិតស្និទ្ធជាមួយ​រាជ​រដ្ឋាភិបាលលើកិច្ចការប្រឈមដ៏សំខាន់នេះក្នុងពេលខាងមុខ។ យើងសង្ឈឹមថា នៅថ្ងៃណាមួយប្រជា​ជនកម្ពុជាអាចធ្វើទេសន្តរប្រវេសន៍ទៅរកការងារធ្វើដែលប្រសើរជាងមុនប្រកបដោយសុវត្ថិភាព និងស្រប​ច្បាប់ ហើយអាចបំពេញការងារ និងរស់នៅដោយពុំមានការភ័យខ្លាចដោយអំពើជួញដូរ។

សូមអរគុណ! 

ខេត្តកំពង់ចាម
Issuing Country 

Last updated: October 26, 2017

Share This Page