កិច្ចប្រជុំចង្អៀតនៃបុគ្គលិកជាន់ខ្ពស់នៃគម្រោងគាំពារសុខភាពសង្គមរបស់ទីភ្នាក់ងារ ផ្តល់វិញ្ញាបនប័ត្របង់ប្រាក់មូលនិធិសមធម៌សុខាភិបាល

Monday, April 2, 2018
  • សូមគោរពឯកឧត្តមសាស្រ្តាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល
  • សូមគោរពភ្ញៀវកិត្តិយសអស់លោកលោកស្រី

ខ្ញុំមានសេចក្តីរីករាយដោយមានវត្តមានតំណាង USAID ក្នុងអំឡុងពេលកិច្ចប្រជុំចង្អៀតសម្រាប់បុគ្គលិក​ជាន់​ខ្ពស់​នៃទីភ្នាក់ងារផ្តល់វិញ្ញាបនប័ត្របង់ប្រាក់ ឬហៅថា PCA ដែលទើបបានបង្កើតថ្មី។ ទីភ្នាក់ងារជំនួយអាមេរិក  USAID គឺជាដៃគូប្រកបដោយមោទនភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រដល់ការអភិវឌ្ឍមូលនិធិសមធម៌​សុខាភិបាល (HEF) ចាប់តាំងពីឆ្នាំ២០០៣។

សហការីរបស់ខ្ញុំនិងខ្ញុំមានសេចក្តីរីករាយចំពោះការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទទួលយកការ​ទទួលខុសត្រូវគ្រប់គ្រងប្រព័ន្ធ ហើយយើងនឹងគាំទ្រការផ្លាស់ប្តូរដោយរលូនពីអង្គការដែលកំពុងប្រតិបត្តិ URC ទៅ PCA ។

ក្នុងអំឡុងពេល ២០ឆ្នាំកន្លងទៅ មូលនិធិសមធម៌សុខាភិបាលបានរីកចម្រើនពីគំនិតផ្តួចផ្តើមមួយដែល​ដំណើរ​ការដោយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ក្រោមការគាំទ្រពីម្ចាស់ជំនួយរហូតក្លាយជាប្រព័ន្ធថ្នាក់ជាតិ​ប្រកប​ដោយ​ស្តង់ដារមួយ។ មូលនិធិនេះផ្តល់ការការពារដល់ជនក្រីក្រ និងជនងាយរងគ្រោះដែលអនុញ្ញាត​ឱ្យពួក​គេ​អាច​ទទួលបានសេវាថែទាំសុខភាពនៅស្ទើរតែគ្រប់គ្រឹះស្ថានសុខាភិបាលសាធារណៈទាំងអស់នៅក្នុងប្រទេស។

ទីភ្នាក់ងារជំនួយអាមេរិក  USAID មានមោទនភាពជាដៃគូសំខាន់ក្នុងដំណើរការនេះ។ យើងចាត់ទុកថា​ជា​ជំហានសំខាន់ក្នុងការអភិវឌ្ឍនេះការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបែងចែកធនធានឱ្យទាន់ពេលវេលាដើម្បីធានាថាប្រជាជនកម្ពុជាងាយរងគ្រោះបំផុតអាចទទួលបានសេវាថែទាំសុខភាព។ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា​គ្រប​ដណ្តប់ជាងពាក់កណ្តាលនៃការចំណាយរបស់ប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល និងនៅក្នុងអនាគតដ៏ខ្លីខាងមុខ​រដ្ឋាភិ​បាល​នឹងផ្តល់នូវការចំណាយលើប្រព័ន្ធទាំងមូល។ នេះគឺជាសមិទ្ធផលដែលគួរអោយចាប់អារម្មណ៍ ហើយជាអ្វី​ដែលអ្នកគ្រប់គ្នានៅក្នុងបន្ទប់នេះគួរតែមានមោទនភាព។ គោលដៅចម្បងនៃជំនួយរបស់ទីភ្នាក់ងារជំនួយអាមេរិក  USAID គឺផ្តល់ការកែលម្អប្រកបដោយនិរន្តរភាព ហើយរាជរដ្ឋាភិបាលកម្ពុជាទទួលបានភាពជាម្ចាស់លើប្រព័ន្ធ​មូលនិធិ​សមធម៌​​​​សុខាភិបាលតាមរយៈការវិនិយោគហិរញ្ញវត្ថុ និងការបង្កើត PCA គឺជាសញ្ញាមួយបង្ហាញថាយើងកំពុង​សម្រេច​បាន​នូវនិរន្តរភាព។

ទីភ្នាក់ងារជំនួយអាមេរិក USAID នៅតែប្ដេជ្ញាគាំទ្រប្រព័ន្ធថែទាំសុខភាពនៅកម្ពុជាតាមរយៈការអភិវឌ្ឍ​សមត្ថភាព និងការពង្រឹងប្រព័ន្ធ នៅពេលដែលពួកគេឈានឆ្ពោះទៅរកការសំរេចគោលដៅសុខភាពជាសាកល។ យើងក៏នឹងបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រីកការការពារសុខភាពសង្គមរួមបញ្ចូលនូវសេវាអាទិភាព ដូចជា៖ សុខភាពមាតានិងទារក សុខភាពបន្តពូជ ជំងឺឆ្លង និងអាហារូបត្ថម្ភ។

សុខភាពគឺមានសារៈសំខាន់សម្រាប់អ្នករាល់គ្នា។ ទីបំផុតមូលនិធិសមធម៌សុខាភិបាលគឺជាផ្នែកមួយនៃចក្ខុវិ​ស័យទូលំទូលាយនៃការធានារ៉ាប់រងសុខភាពជាទូទៅសម្រាប់ប្រទេសកម្ពុជាដែលរាជរដ្ឋាភិបាលកម្ពុជាបានកំណត់នៅក្នុងក្របខ័ណ្ឌគោលនយោបាយគាំពារសង្គមថ្នាក់ជាតិ។ យើងធ្វើការងាររបស់យើងនៅទីនេះ  មិនគ្រាន់តែដើម្បី​ជួយ​ដល់ជនក្រីក្រនិងជនងាយរងគ្រោះនិងអ្នកជិតបន្ទាត់ក្រីក្រតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយនៃការក្រាលគ្រឹះ​សម្រាប់​ចក្ខុវិស័យធំជាងនេះដែលការថែទាំសុខភាព គឺការថែទាំសុខភាពដែលមានគុណភាពល្អត្រូវបានធានា​សម្រាប់​​ប្រជាជនកម្ពុជាទាំងអស់តាមរយៈភាពរឹងមាំនៃប្រព័ន្ធគាំពារសង្គម។

ខណៈពេលយើងអបអរនូវអ្វីដែលសម្រេចបាន យើងក៏ត្រូវទទួលស្គាល់ថាមានកិច្ចការជាច្រើននៅសល់ ដែល​ទាមទារអោយយើងសម្រេចអោយបានផងដែរ។ រួមជាមួយដៃគូដទៃទៀតរបស់យើង ទីភ្នាក់ងារជំនួយអាមេរិក  USAID កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលដើម្បីធានាថា PCA នឹងអនុវត្តតួនាទីថ្មីរបស់ខ្លួនជាមួយធន​ធាន​​មនុស្សគ្រប់គ្រាន់បន្ទាប់ពីជំនួយរបស់ទីភ្នាក់ងារជំនួយអាមេរិក  USAID បញ្ចប់នៅចុងឆ្នាំនេះ។ យើងត្រូវធ្វើការ​រួមគ្នាដើម្បីធានាថាការផ្លាស់ប្តូរនេះមិនប៉ះពាល់ដល់ការទូទាត់ដែលផ្តល់អត្ថប្រយោជន៍ដល់អ្នកផ្តល់សេវាថែទាំសុខភាពដែលកំពុងផ្តល់សេវាកម្ម ឬអ្នកក្រីក្រដែលពឹងផ្អែកលើមូលនិធិសមធម៌សុខាភិបាលដើម្បីទទួលបានការ​ថែទាំ​សុខភាព។ យើងចាត់ទុកកិច្ចប្រជុំថ្ងៃនេះថាជារឿងសំខាន់ដើម្បីធានាឱ្យមានការផ្លាស់ប្តូរដោយជោគជ័យ ព្រោះវា​ផ្តល់​ឱកាសក្នុងការដាក់បញ្ហាប្រឈមនៅលើតុពិភាក្សា និងកំណត់ដំណោះស្រាយសមស្របដើម្បីដោះស្រាយបញ្ហា​ប្រឈម​ទាំងនោះ។

រួមគ្នាយើងបានឈានដល់គោលដៅឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកលសម្រាប់ប្រជាជនកម្ពុជា។ ដោយយោងលើភាពជោគជ័យផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា យើងអាចឈានទៅសម្រេចគោលដៅគ្របដណ្តប់​សុខភាព​សកលបាន។ ចូរយើងធ្វើការរួមគ្នាដើម្បីសម្រេចគោលដៅនេះអោយបាន។

ខ្ញុំសូមថ្លែងអំណរគុណដល់ PCA ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ដៃគូអភិវឌ្ឍន៍ និងក្រុម​ការងារ SHP ដែលនាំយើងទាំងអស់គ្នាបានជួបគ្នានៅថ្ងៃនេះ។ ខ្ញុំទន្ទឹងរង់ចាំការពិភាក្សាប្រកបដោយផ្លែផ្កា។

សូមអរគុណ។

កំពត
Issuing Country 

Last updated: April 11, 2018

Share This Page