ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID ប្រកាសនូវគំនិតផ្តួចផ្តើមចម្បងជំរុញគណនេយ្យភាពសង្គម

For Immediate Release

Thursday, December 19, 2019

ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID​​ មានកិត្តិយសផ្សព្វផ្សាយនូវគំនិតផ្តួចផ្តើមចម្បងមួយ ដើម្បីជួយពង្រឹងគណនេយ្យភាពសង្គមសម្រាប់ការផ្តល់សេវាសាធារណៈនៅតាមតំបន់ទីប្រជុំជនក្នុងខេត្តមួយចំនួន។​ កិច្ចខិតខំប្រឹងប្រែងនេះ រួមមានគម្រោងមួយចំនួន នឹងជួយដល់ប្រជាពលរដ្ឋ និងអាជ្ញាធរ ក្នុងការលើកកម្ពស់គុណភាពសេវាសាធារណៈដូចជា សេវាសុខភាព​ ​អប់រំ​ រដ្ឋបាល​ និងការប្រមូលសម្រាម។​

លោកស្រី វីណា រេដឌី នាយិកាបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖​ «គំនិតផ្តួចផ្តើមនេះមានរយៈពេលប្រាំឆ្នាំ រួមបញ្ចូលនូវគម្រោងមួយចំនួន ជម្រុញឲ្យប្រើប្រាស់នូវ​ ​បច្ចេកវិទ្យាទំនើបចុងក្រោយ ដែលនឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋនិងអាជ្ញាធរ​ អាចត្រួតពិនិត្យ និងប្រើប្រាស់ទិន្នន័យ ក្នុងការលើកកម្ពស់សេវាសាធារណៈ»។​

គំនិតផ្តួចផ្តើមនេះរួមមាន៖​​ គម្រោង«បច្ចេកវិទ្យាថ្មីសម្រាប់គណនេយ្យភាពសង្គម ឬ Innovations for Social Accountability» ដែលអនុវត្តដោយអង្គការ Family Health International 360 ឬ FHI360 មានគោលបំណងឲ្យប្រជាពលរដ្ឋអាចផ្តល់យោបល់ចូលរួមស្ថាបនា សេវាសុខភាព អប់រំ ទឹកស្អាត និងសេវាផ្សេងៗទៀត នៅតាមតំបន់ទីប្រជុំជននៃខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ឆ្នាំង និងកំពត។​

គម្រោងមួយទៀតដែលមានឈ្មោះថា «បច្ចេកវិទ្យាសម្រាប់ទីក្រុងបៃតង ឬ Tech for Green Cities»​ នឹងធ្វើឲ្យប្រសើរឡើងនូវទិន្នន័យក្នុងការគ្រប់គ្រងកាកសំណល់រឹង នៅក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ និងអនុវត្តដោយក្រុមហ៊ុន Institute for Development Impact ឬ I4DI។​​ គម្រោងមួយទៀតដែលស្រដៀងគ្នានេះដែ​រ អនុវត្តនៅក្នុងខេត្តសៀមរាប និងកំពង់ធំ​​ មានឈ្មោះថា «កម្មវិធីគណនេយ្យភាពសម្រាប់គ្រប់គ្រងកាកសំណល់រឹង ឬ Solid Waste Accountability Platform» ដោយក្រុមហ៊ុន Triangle Environmental health Initiative។​ គម្រោងចុងក្រោយ ដែលមានឈ្មោះថា «កម្មវិធីលើកកម្ពស់គណនេយ្យភាពនៃការិយាល័យច្រកចេញចូលតែមួយ​​ ឬ One Window Service Offices – Platform to Enhance Accountability» នឹងជួយប្រជាពលរដ្ឋកម្ពុជាក្នុងការត្រួតពិនិត្យ និងពង្រឹងសេវារដ្ឋបាលសាធារណៈ នៅក្នុងខេត្តបាត់ដំបង។​
 

អំពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID ប្រចាំនៅកម្ពុជា

ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID ប្រចាំនៅកម្ពុជា សហការជាមួយដៃគូក្នុងស្រុក  និងអន្តរជាតិ អនុវត្តកម្មវិធីផ្សេងៗជាច្រើន ដែលបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា ទាំង២៥ខេត្ត-ក្រុង។​ ការងាររបស់យើង​​ផ្តោតលើ ការពង្រឹងសិទ្ធិមនុស្សនិងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ លើកកម្ពស់ផ្នែកសុខភាព​និងអាហារូបត្ថម្ភ គាំទ្រការអប់រំនិងការអភិវឌ្ឍកុមារ បង្កើនផលិតកម្មកសិកម្មនិងសន្តិសុខស្បៀង អភិរក្សព្រៃឈើនិងទីជម្រាល ព្រមទាំងជួយកសិករនិងក្រុមគ្រួសារ​ក្នុងការបន្ស៊ាំនិងកាត់បន្ថយនូវឥទ្ធិពលនៃគ្រោះធម្មជាតិ។​

 

ព័ត៌មានបន្ថែម សូមទាក់ទងៈ

ឆាយ ច័ន្ទនីដា

មន្ត្រីជំនាញផ្នែកព័ត៌មាន ការិយាល័យកិច្ចការសាធារណៈ

ស្ថានទូតអាមេរិក​ ភ្នំពេញ

ChhayC@state.gov 

Last updated: December 20, 2019

Share This Page