flag of Cambodia

បរិស្ថាន និងភាពធន់ទ្រាំ

Language: English | Khmer
បរិស្ថាន និងភាពធន់ទ្រាំ
ទីភ្នាក់ងារជំនួយអាមេរិក USAID កំពុងជួយដល់ប្រទេសកម្ពុជាការពារ និងទាញយកប្រយោជន៍ពីធនធានធម្មជាតិដ៏ក្រាស់ក្រែលរបស់ខ្លួនតាមរយៈការបង្រៀនដល់សហគមន៍នានាអោយចេះគ្រប់គ្រង និងអភិរក្សព្រៃឈើអោយកាន់តែប្រសើរឡើង។

ប្រទេសកម្ពុជាសម្បូរទៅដោយជីវចម្រុះ។ ប្រទេសកម្ពុជា​គឺជាប្រភពនៃព្រៃបៃតងជានិច្ចធំជាងគេបំផុតទី៣ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដោយមានរុក្ខជាតិខុសៗគ្នាប្រមាណ ២,៣០០ប្រភេទ សត្វជិតផុតពូជចំនួន ១៤ប្រភេទ និងជាផ្លូវ​ដើរ​​របស់​សត្វដំរីមួយក្នុងចំណោមប្រាំពីរដែលនៅ​សេស​សល់ក្នុងពិភពលោក។  ប្រទេសកម្ពុជាមានដែនគម្រប​ព្រៃ​ឈើ​ជិត ៤០% ដែលត្រូវ​បានការពារ។ ទោះយ៉ាងណាការប្រមូលផលព្រៃឈើខុសច្បាប់ និងការបរបាញ់សត្វព្រៃនៅ តែជាការគម្រាមកំហែងដ៏ធ្ងន់ធ្ងរក្នុងការអភិរក្សធនធានធម្មជាតិដ៏មានតម្លៃរបស់ប្រទេសកម្ពុជានេះ។ លើសពីនេះ ការកែប្រែដីព្រៃទៅជាដីកសិកម្ម ការធ្វើអាជីវកម្មជ្រុលហួសទៅលើសត្វ និងរុក្ខជាតិសំខាន់ៗមួយចំនួន ការរុករក រ៉ែ និងព្រមទាំងការមិន​ផ្តល់​​តម្លៃដល់​សេវាអេកូឡូស៊ីដូចជា ការបង្កើនជីជាតិដី ការស្រូបទុកកាបូន និងស្ថេរភាពនៃ ជម្រាលទឹកភ្លៀង ក៏សុទ្ធតែរួមចំណែកដល់អត្រាបាត់បង់ព្រៃឈើយ៉ាងគំហុកក្នុងប្រទេសកម្ពុជា។ ការកាប់បំផ្លាញ​ព្រៃឈើមិនត្រឹមតែគម្រាមកំហែងដល់ជីវចម្រុះប៉ុណ្ណោះទេ វាក៏អាចបណ្តាលឲ្យមានការកើនឡើងនូវទឹកជំនន់ ឬ​ការហូរច្រោះក្នុងអាងទន្លេមេគង្គ អន្តរាយដល់ការប្រកបរបរចិញ្ចឹមជីវិតពីការនេសាទ និងការធ្វើស្រែ ព្រមទាំង​កាត់​​បន្ថយការស្តុកទឹកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង។

ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិកំពុងជួយដល់ប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌ តាមរយៈការអភិរក្ស និងគ្រប់គ្រង​នូវធនធានធម្មជាតិរបស់ខ្លួន។ សកម្មភាពទាំងនេះ​គាំទ្រដល់សហគមន៍ទាំងឡាយដែលពឹងផ្អែកលើធនធានធម្មជាតិសម្រាប់ការចិញ្ចឹមជីវិត និងកំណែទម្រង់អភិ​បាល​កិច្ច ដើម្បីគ្រប់គ្រងជម្រាលទឹកភ្លៀង និងតំបន់ការពារនានា។ តាមរយៈការចូលរួមប្រកបដោយអត្ថន័យ និង​ការធ្វើសេចក្តីសម្រេចចិត្តរួមគ្នាជាមួយសហគមន៍ក្នុងមូលដ្ឋាន ក្រុមជនជាតិដើមភាគតិច​ និងប្រជាជនងាយរង​គ្រោះ ច្បាប់ និងគោលនយោបាយថ្មីៗត្រូវបានអនុម័ត ដើម្បីជម្រុញឲ្យសហគមន៍គ្រប់គ្រងនូវព្រៃឈើ និង​ដីធ្លី​នៅជុំវិញសហគមន៍របស់ខ្លួន។ សហគមន៍ និងអាជ្ញាធររាជរដ្ឋាភិបាលដែលកំពុងរស់នៅក្នុងតំបន់វាលទំនាបលិច​ទឹក ដែលសម្បូរទៅដោយជម្ងឺម៉ូសាអ៊ីកត្រូវបានបណ្តុះបណ្តាល ស្តីពីការកសាងផែនការប្រកបដោយចីរភាព​សម្រាប់ការគ្រប់គ្រង និងការដើរល្បាតរួមគ្នានូវតំបន់ព្រៃ ជម្រកត្រីសហគមន៍ តំបន់ការពារ និងតំបន់អភិរក្សដ៏ទៃ​ផ្សេងទៀត។ សហគ្រិនដែលផ្តោតលើផលអនុផលព្រៃឈើដុចជា ឬស្សី ទឹកឃ្មុំ និងជ័រឈើជាដើមទទួលបាន​ការគាំទ្រតាមរយៈការផ្សារភ្ជាប់ពួកគេជាមួយអ្នកផ្តល់សេវាអភិវឌ្ឍន៍ធុរកិច្ច ដើម្បីឲ្យពួកគេអាចទទួលបាននូវសេវា​ឯកទេសលើការលើកកម្ពស់ផលិតភាព បច្ចេកវិជ្ជា សម្ភារៈ ប្រាក់កម្ចីនានា ដើម្បីពួកគេអាចធ្វើការប្រកួតប្រជែង​បន្ថែម​​ទៀត​នៅលើទីផ្សារ។

ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិក៏កំពុងជួយដល់រាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍ក្នុង​ស្រុក​នានាកំណត់ និងទាញយកផលប្រយោជន៍ពិកាលានុវត្តភាពនៃការបង្កើតប្រាក់ចំណូលពីការស្រូបទុក​កាបូន​ និង​ការជៀសវាងការបំភាយឧស្ម័នពីការបាត់បង់ព្រៃឈើ ព្រមទាំងអេកូទេសចរណ៍ប្រកបដោយចីរភាព។ លើសពីនេះ ទីភ្នាក់ងារជំនួយអាមេរិក USAID ក៏កំពុងពង្រឹងគោល​នយោបាយ និងច្បាប់កម្ពុជាសម្រាប់ការគ្រប់គ្រងធនធាន​ធម្មជាតិ និងតំបន់ការពារ ធ្វើអោយប្រសើរឡើងនូវការអនុវត្តគោលនយោបាយ និងច្បាប់ទាំងនោះ​​  ការតម្រង់​ទិស​ការ​អនុវត្តរបស់កម្ពុជាអោយស្របនឹងច្បាប់បរិស្ថាន ការប្តេជ្ញាចិត្តជាអន្តរជាតិ និងការ​ចូល​រួមក្នុងការកាត់​បន្ថយ​កា​របំភាយ​ឧស្ម័នពីការបាត់បង់ និងការរេចរឹលព្រៃឈើរបស់អង្គការសហប្រជាជាតិ ព្រមទាំងកម្មវិធីរេច​រឹល​ព្រៃឈើផងដែរ។ ក្នុងរយៈពេលវែង កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះនឹងជួយការពារ និងអភិរក្សដីព្រៃ និងតំបន់​ជីវៈចម្រុះសំខាន់ៗ គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងបង្កើនភាពធន់ទ្រាំ និងភាពចម្រុង​ចម្រើនរបស់ជនកម្ពុជាតាមរយៈការកសាងផែនការយុទ្ធសាស្ត្រសម្រាប់ការគ្រប់គ្រងធនធានថម្មជាតិប្រកបដោយចីរភាព និងសមភាព។

លទ្ធផល

  • បានជួយប្រជាជនជាង ៣០៩,១០០នាក់ទាញយកផលប្រយោជន៍សេដ្ឋកិច្ចពីការគ្រប់គ្រង និងអភិរក្ស​ធនធានធម្មជាតិប្រកបដោយចីរភាព។
  • បានធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងធនធានធម្មជាតិនៅលើផ្ទៃដីជាង ២,៦០០,០០០ហិចតា។
  • បានគាំទ្រសកម្មភាពចិញ្ចឹមជិវិតនៅតាមតំបន់សហគមន៍ព្រៃឈើ ដោយបានបង្កើនប្រាក់ចំណូលគ្រួសារ​ចំនួនជិត ៥០ភាគរយ។
  • បានផ្សារភ្ជាប់ផលិតផលធនធានធម្មជាតិប្រកបដោយចីរភាពទៅកាន់ទីផ្សារ ដោយបានបង្កើនប្រាក់​ចំណូល​គ្រួសារ​ចំនួន ៨០ភាគរយ។
  • ជម្រុញឲ្យមានកិច្ចព្រមព្រៀង និងការផ្តល់ប័ណ្ណកាន់កាប់ដីធ្លីចំនួន ៤១ ដែលបានផ្តល់ផលប្រយោជន៍​ដល់ប្រជាជនជាង ៧,០០០គ្រួសារ។
  • បានបង្កើតគម្រោងផែនការក្រប់គ្រងព្រៃឈើ និងជីវចម្រុះប្រកបដោយចីរភាពចំនួន ២៣។
  • បានបណ្តុះបណ្តាលប្រជាជនចំនួនជាង ៧០,០០០នាក់អំពីការក្រប់គ្រងធនធានធម្មជាតិ និង/ឬ ការអភិ​រក្ស​ជីវៈចម្រុះ។
  • បានកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលបណ្តាលមកពីការកាប់បំផ្លាញព្រៃឈើ និងការប្រើប្រាស់​ដីធ្លី​ចំនួនជាង ១៤លានតោន ដែលស្មើនឹងការបំភាយឧស្ម័នដោយការបើកបររថយន្ត ២.៩លានគ្រឿង​សម្រាប់​មួយឆ្នាំ។
  • បានជួយប្រជាជនជាង ៨១,០០០នាក់ឲ្យបន្សាំខ្លួនទៅនឹងផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ។ 

Last updated: August 23, 2019

Share This Page